(មូស្គូ)៖ ទីក្រុងមូស្គូបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងរុស្ស៊ីកំពុង «រារាំង» កងកម្លាំងអ៊ុយក្រែនមិនឱ្យចូល ឬចេញពីចំណុចក្តៅជួរមុខនៃទីក្រុង Bakhmut ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍​ ទី១៣ ខែមេសា ឆ្នាំ២០២៣។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្រុមទាហានស៊ីឈ្នួល Wagner ដែលបានដឹកនាំការប្រយុទ្ធនៅក្នុងទីក្រុងបាននិយាយថា វាលឿនពេកក្នុងការនិយាយថា ទីក្រុង Bahemut ស្ថិតនៅក្រោមការឡោមព័ទ្ធ។

ទីក្រុងកៀវមិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នៅ​ឡើយ​ទេ ​លើ​ការ​អះអាង​ទាក់​ទង​នឹង​សមរភូមិ​ដ៏​យូរ​បំផុត និង​បង្ហូរ​ឈាម​បំផុត​ ចាប់តាំងពីទីក្រុងមូស្គូបានបើកការវាយលុកប្រឆាំងនឹងអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងទ័ពអាកាសកំពុងផ្តល់ការគាំទ្រដល់ការជំរុញកងទ័ពវាយប្រហារ ដោយរារាំងការផ្ទេរទុនបម្រុងរបស់កងទ័ពអ៊ុយក្រែនទៅកាន់ទីក្រុង និងលទ្ធភាពនៃការដកថយសម្រាប់អង្គភាពសត្រូវ»។

សេចក្តីថ្លែងការណ៍បាននិយាយថា «កងកុម្ម៉ង់ដូ Wagner កំពុងបន្តប្រតិបត្តិការប្រយុទ្ធដ៏ខ្លាំងក្លា ដើម្បីបណ្តេញសត្រូវចេញពីតំបន់កណ្តាល នៃទីក្រុងភាគខាងកើតអ៊ុយក្រែន»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ វាហាក់ដូចជាបង្ហាញថា ទីក្រុងមូស្គូកំពុងគ្រប់គ្រង់ទីក្រុង Bakhmut ដោយមានអ្នកកាសែតរុស្ស៊ីជាច្រើននាក់បានផ្សព្វផ្សាយរូបភាពផ្ទៃខាងក្នុងរបស់ទីក្រុង។ លោក Denis Pushilin ដែលជាអភិបាលតំបន់​ Donetsk នៅភាគខាងកើតអ៊ុយក្រែនដែលត្រូវបានតែងតាំងដោយរុស្ស៊ី ក៏បានធ្វើទស្សនកិច្ចនៅទីក្រុង Bakhmut ក្នុងសប្តាហ៍នេះផងដែរ។

គួរបញ្ជាក់ថា នៅពេលដែលទីក្រុងម៉ូស្គូចាប់ផ្តើមការវាយលុក ទីក្រុង Bakhmut នៅពេលនោះមានប្រជាជនចំនួន ៧០,០០០នាក់រស់នៅ។ ទាំងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគេជឿថា បានទទួលរងការខាតបង់យ៉ាងច្រើននៅក្នុងសមរភូមិ បើទោះបីជាអ្នកវិភាគនិយាយថា ទីក្រុងនេះមានតម្លៃយុទ្ធសាស្ត្រតិចតួចក៏ដោយ៕