(ស៊ីដនី)៖ តំបន់ភាគពាយ័ព្យនៃប្រទេសអូស្ត្រាលី ដែលជាមជ្ឈមណ្ឌលនាំចេញរ៉ែដែកដ៏ធំបំផុតរបស់ពិភពលោក អាចនឹងរងការវាយប្រហារដោយព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេលមួយទសវត្សរ៍ ខណៈកំពង់ផែកំពុងជម្លៀសកប៉ាល់ចេញ ហើយអ្នកស្រុកប្រញាប់ប្រញាល់ស្តុកទុកនូវការផ្គត់ផ្គង់សំខាន់ៗ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។
ព្យុះស៊ីក្លូន Ilsa ស្ថិតនៅចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីឆ្នេរសមុទ្រ នៃប្រទេសអូស្ត្រាលីក្នុងមហាសមុទ្រឥណ្ឌានៅព្រឹកថ្ងៃព្រហស្បតិ៍ (១៣ មេសា) បានផ្លាស់ប្តូរទៅជាព្យុះប្រភេទទី៤ ពោលគឺនៅសល់មួយជំហានទៀតនឹងក្លាយជាព្យុះប្រភេទទី៥ ដែលខ្លាំងបំផុត។
ការិយាល័យឧតុនិយមបាននិយាយថា ឥឡូវនេះគេរំពឹងថានឹងបោកបក់នៅដើមយប់ថ្ងៃព្រហស្បតិ៍នេះ ដោយមានខ្យល់បក់រហូតដល់ ២៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។
អ្នកឧតុនិយម លោក Miriam Bradbury បានប្រាប់ទូរទស្សន៍ ABC ថា «ព្យុះនេះមានថាមពលខ្លាំង ដោយមិនត្រឹមតែអាចរលំដើមឈើ និងបំផ្លាញខ្សែភ្លើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបោកបក់របស់របររស្រាលៗនៅក្នុងទីធ្លា រួមទាំងរ៉ឺម៉ក និងរទេះជាដើម»។
នៅក្នុងការធ្វើបច្ចុប្បន្នចុងក្រោយរបស់ខ្លួន ការិយាល័យឧតុនិយមបាននិយាយថា ព្យុះ Ilsa អាចប៉ះពាល់ដល់តំបន់ដែលមានប្រជាជនរស់នៅតិចតូចប្រវែង ៦០០គីឡូម៉ែត្រ ដែលលាតសន្ធឹងពីខាងជើងទៅខាងកើតនៃទីក្រុងកំពង់ផែ Port Hedland។
ទីក្រុងកំពង់ផែ Port Hedland គឺជាចំណុចនាំចេញរ៉ែដែកដ៏ធំបំផុតរបស់ពិភពលោក។
ទោះជាយ៉ាងណាការិយាល័យឧតុនិយមបាននិយាយថា ទីក្រុង Port Hedland ទំនងជាមានសុវត្ថិភាពពី «ស្នូលនៃការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៃព្យុះ Ilsa» ប៉ុន្តែខ្យល់ព្យុះដែលមានខ្យល់បក់រហូតដល់ ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅតែអាចវាយប្រហារទីក្រុងរុករករ៉ែនេះ៕