(ប៉ារីស)៖ អ្នកវិភាគបានលើកឡើងថា ការអត្ថាធិប្បាយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលជំរុញឱ្យមានប្រតិកម្មតបវិញ រួមទាំងការអំពាវនាវឱ្យអឺរ៉ុបកុំឱ្យផុងខ្លួនជាប់គាំងនៅក្នុង «វិបត្តិដែលមិនមែនជារបស់ខ្លួន» គឺជាចេតនាមួយដើម្បីលើកកម្ពស់សំឡេងរបស់ទ្វីបអឺរ៉ុប នៅក្នុងពិភពលោកដែលពោពេញដោយការប្រកួតប្រជែង ឱ្យកាន់តែខ្លាំងឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។
ពួកគេបានចង្អុលបង្ហាញថា នេះរួមបញ្ចូលទាំងការរក្សាស្ថានភាពដដែលលើបញ្ហាតៃវ៉ាន់។
លោក Allan Behm នាយកកម្មវិធីកិច្ចការអន្តរជាតិ និងសន្តិសុខនៅវិទ្យាស្ថានអូស្ត្រាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា «តាមពិតទៅប្រធានាធិបតីបារាំង ម៉ាក្រុង គឺជាមេដឹកនាំនយោបាយដែលមានទេពកោសល្យខ្លាំងណាស់...គាត់មិននិយាយអ្វីដោយចៃដន្យទេ ហើយគាត់ពិតជាមិនល្ងង់ទេ។ គាត់មិនមែនជាមនុស្សល្ងង់ទេ»។
លោកសង្កត់ធ្ងន់ថា «ខ្ញុំគិតថាអ្វីដែលលោកប្រធានាធិបតី ម៉ាក្រុង កំពុងតែធ្វើគឺបង្ហាញយ៉ាងច្បាស់ពីជំហររបស់បារាំងថា ខ្លួនមិនចង់ឃើញជម្លោះប្រដាប់អាវុធណាមួយនៅអាស៊ីបូព៌ា ហើយគាត់ក៏និយាយផងដែរថា សម្រាប់ដៃគូអឺរ៉ុប ពួកគេក៏មិនចង់ឃើញជម្លោះនៅអាស៊ីបូព៌ាផងដែរ»។
គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Politico និង ឡេ អេកូ (Les Echos) កំលុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីពេលថ្មីៗនេះ លោក ម៉ាក្រុង បាននិយាយថា អឺរ៉ុប មិនត្រូវធ្វើជាអ្នកដើរតាមពីក្រោយសហរដ្ឋអាមេរិក ឬចិន ទាក់ទងនឹងកោះតៃវ៉ាន់នោះទេ ជាមួយការសង្កត់ធ្ងន់ថាអឺរ៉ុបកំពុងប្រឈមនឹងហានិភ័យជាប់ផុងក្នុងជម្លោះ ដែលមិនមែនជា ជម្លោះរបស់ខ្លួនឯង។
ការអត្ថាធិប្បាយបែបនេះរងការរិះគន់យ៉ាងខ្លាំងពីសម្ព័ន្ធមិត្ត ដោយសូម្បីតែអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានលើកឡើងដែរថាលោក ម៉ាក្រុង កំពុងប្រឹងប្រែងផ្គាប់ចិត្ត លោកប្រធានាធិបតីចិន ស៉ី ជិនពីង។ យ៉ាងណាក៏ដោយ ថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសហូឡង់ ប្រធានាធិបតីបារាំងរូបនេះ បានគូសបញ្ជាក់ គោលជំហររបស់បារាំងទាក់ទងនឹងតៃវ៉ាន់ មិនមានការប្រែប្រួលនោះទេ ហើយលោកនៅតែគាំទ្រដល់ ស្ថានភាពដើមសព្វថ្ងៃក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់៕