(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានបន្ទោសទៅលើអ្វីដែលខ្លួនចាត់ទុកថាជា «ផលប៉ះពាល់អវិជ្ជមាន» នៃការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក សម្រាប់ការកើនឡើងនៃភាពតានតឹងនៅឧបទ្វីបកូរ៉េ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់តេស្តមីស៉ីលបាលិស្ទីគ១គ្រាប់ ដែលបានបណ្តាលឱ្យជប៉ុនចេញសារប្រាប់ប្រជាជន ឱ្យនាំគ្នារត់រកកន្លែងសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។
ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ ការបាញ់សាកល្បងមីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង កាលពីវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក វ៉ាង វិនពីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយយ៉ាងដូច្នេះថា «ការកើនឡើងភាពតានតឹងជុំថ្មីចុងក្រោយនេះនៅឧបទ្វីបកូរ៉េ គឺមានមូលហេតុច្បាស់លាស់របស់វា នោះគឺផលប៉ះពាល់ដ៏អវិជ្ជមាននៃការធ្វើសមយុទ្ធយោធា និងការដាក់ពង្រាយអាវុធយុទ្ធសាស្រ្តផ្សេងៗរបស់សហរដ្ឋអាមេរិក ដែលគ្រប់គ្នាមើលឃើញយ៉ាងជាក់ស្តែង»។
គួរបញ្ជាក់ថា ចាប់តាំងពីខែមីនាមក កងទ័ពអាមេរិកនិងកូរ៉េខាងត្បូង បានរួមធ្វើសមយុទ្ធយោធាចម្រុះបែប ហើយទីក្រុងវ៉ាស៉ីនតោន ក៏បានចល័តយន្តហោះទម្លាក់គ្រាប់បែក ព្រមទាំងនាវាផ្ទុកយន្តហោះចម្បាំង ឱ្យចូលរួមធ្វើសកម្មភាពកំលុងលំហាត់យោធាទាំងនោះផងដែរ។ សម្ព័ន្ធមិត្តទាំងពីរបានអះអាងថា សមយុទ្ធយោធារួមរបស់ពួកគេ គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិប៉ុណ្ណោះ ដែលចាំបាច់ចំពោះមុខការគំរាមកំហែងពីកូរ៉េខាងជើង ខណៈខាងទីក្រុងព្យុងយ៉ាងវិញបានប្រកាន់ចោទថា ពួកវាគឺជាការហាត់សម ដើម្បីត្រៀមបើកការឈ្លានពានទៅលើខ្លួន៕