(ឡុងដ៏)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស លោក ជីរ៉េមី ហាន់ (Jeremy Hunt) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ចក្រភពអង់គ្លេសបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការធានាលើប្រាក់កម្ចីបន្ថែមចំនួន ៥០០លានដុល្លារដល់អ៊ុយក្រែន ដែលបានធ្វើឲ្យចំនួនសរុបកើនឡើងដល់ ១ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។

លោក ហាន់ បាននិយាយថា ការធានាប្រាក់កម្ចីពីអង់គ្លេសមានសារៈសំខាន់លើកញ្ចប់ជំនួយចំនួន ១៥.៦ពាន់លានដុល្លាររយៈពេល ៤ឆ្នាំសម្រាប់អ៊ុយក្រែន ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ លោក ហាន់ ក៏ត្រូវទៅចូលរួមកិច្ចប្រជុំ Spring Meetings របស់ IMF នៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះផងដែរ។ លោក ហាន់ បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «ការផ្តល់មូលនិធិនេះ នឹងជំរុញភាពធន់ផ្នែកសេដ្ឋកិច្ចរបស់អ៊ុយក្រែន និងជំរុញការតស៊ូប្រឆាំងរុស្ស៊ី»

គួរបញ្ជាក់ថា អង់គ្លេសបានសន្យាផ្តល់ជំនួយសរុបចំនួន ៦.៥ពាន់លានផោន ឬស្មើនឹង ៨.១ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ហើយការធានាប្រាក់កម្ចីលើកចុងក្រោយបំផុត នឹងជួយផ្តល់ហិរញ្ញប្បទានដល់សេវាសាធារណៈរបស់អ៊ុយក្រែនដូចជាសាលារៀន និងមន្ទីរពេទ្យ ជាដើម៕