(មូស្គូ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ រុស្ស៉ីបាននិយាយថា ខ្លួនគ្រោងបន្តប្រើប្រាស់ស្ថានីយអវកាសអន្តរជាតិ (ISS) រហូតដល់ឆ្នាំ២០២៨ ខណៈកន្លងមកធ្លាប់បានប្រកាសថា នឹងចាកចេញនៅក្រោយឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។
កាលពីខែកក្កដា ឆ្នាំមុន ទីក្រុងមូស្គូបាននិយាយថា ខ្លួននឹងចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS នៅក្រោយឆ្នាំ២០២៤ ស្របពេលដែលទំនាក់ទំនង បានធ្លាក់ដុនដាបខ្លាំងរវាងរុស្ស៉ីនិងលោកខាងលិច ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ កាលពីថ្ងៃពុធសប្តាហ៍នេះ លោក យូរី បូរីសូវ (Yuri Borisov) ដែលជាប្រមុខទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសកូសម៉ូស (Roscosmos) បាននិយាយថា ការចូលរួមរបស់រុស្ស៉ី ក្នុងគម្រោងស្ថានីយ ISS ត្រូវបានអូសបន្លាយពេលបន្ថែម រហូតដល់ឆ្នាំ២០២៨ តាមរយៈការសម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងមូស្គូ។
គួរបញ្ជាក់ថា ស្ថានីយអវកាសអន្តរជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៨ អំលុងគ្រាដែលកិច្ចសហប្រតិបត្តិរវាងសហរដ្ឋអាមេរិកនិងរុស្ស៉ី មានការកើនឡើង ក្រោយការរត់ប្រណាំងវិស័យអវកាស កាលពីសម័យសង្រ្គាមត្រជាក់។ ក្រៅពីអាមេរិកនិងរុស្ស៉ី ដៃគូ ISS ដទៃទៀតមានដូចជាកាណាដា ជប៉ុន និងបណ្តាប្រទេសនៅអឺរ៉ុប។ សព្វថ្ងៃនេះ វិស័យអវកាសគឺជាច្រកផ្លូវដ៏កម្រមួយ នៃកិច្ចសហប្រតិបត្តិការរវាងទីក្រុងមូស្គូនិងទីកក្រុងវ៉ាស៉ីនតោន គិតចាប់តាំងពីរុស្ស៉ីបានបញ្ជូនទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕