(ហ្សាការតា)៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (ASEAN) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមផ្លូវអាកាសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបាន សម្លាប់ជីវិតមនុស្សរាប់សិបនាក់។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣។
សេចក្ដីថ្លែងការណ៍ខាងលើចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ដោយឥណ្ឌណេស៊ីដែលបច្ចុប្បន្នជាប្រធានអាស៊ាន បានកត់សម្គាល់ដូច្នេះថា «អំពើហិង្សាគ្រប់ទម្រង់ទាំងអស់ត្រូវតែបញ្ចប់ ជាបន្ទាន់ ហើយជាពិសេស នោះគឺការប្រើកម្លាំងបាយប្រឆាំងនឹងជនស៊ីវិលតែម្ដង»។ សេចក្ដីថ្លែងការណ៍នេះដដែលបន្តទៀតថា «ការបញ្ចប់អំពើហិង្សា គឺជាមធ្យោបាយតែមួយគត់ ដើម្បី បង្កើតបរិយាកាសអំណោយផលមួយ សម្រាប់កិច្ចសន្ទនាប្រកបដោយបរិយាបន្ន សំដៅស្វែងរកដំណោះស្រាយសន្តិភាពអចិន្ត្រៃយ៍ក្នុងប្រទេសមីយ៉ាន់ម៉ា។ យើងសូមបញ្ជាក់ឡើងវិញ ពីការប្ដេជ្ញាចិត្តរបស់អាស៊ាន ក្នុងការបន្តជួយមីយ៉ាន់ម៉ា ស្វែងរកដំណោះស្រាយមួយអាចដំណើរការទៅបាន និងយូរអង្វែង សម្រាប់ជម្លោះសព្វថ្ងៃ តាមរយៈការលើកកម្ពស់ការអនុវត្ត យ៉ាងពេញលេញនូវគោលការណ៍កង់សង់ស៊ីស ៥ចំណុច»។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា បានទទួលស្គាល់ថាខ្លួនពិតជាបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើការិយាល័យរដ្ឋបាលមួយកន្លែង ស្ថិតនៅក្នុងតំបន់ សាហ្គាង (Sagaing) ដោយ បានផ្ដាច់ជីវិតមនុស្សរាប់សិបនាក់ ក្នុងនោះរួមមានទាំងស្ត្រី និងក្មេងសិស្សសាលាកំពុងរាំកម្សាន្តយ៉ាងសប្បាយរីករាយ។ រដ្ឋមន្ត្រីសិទ្ធិមនុស្សនៃរដ្ឋាភិបាលស្រមោល លោក អោង យ៉ូ មីន (Aung Myo Min) ក៏បានប្រាប់ CNN ដែរថាការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារកន្លងទៅ បានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ១៣៣នាក់ នៅក្នុងចំណោម មនុស្សជាង ៣០០នាក់ ដែលបានប្រមូលផ្ដុំគ្នាចូលរួមពិធីបើកសម្ពោធការិយាល័យរដ្ឋបាលមួយ នៅក្នុងភូមិ ប៉ា ហ្ស៉ី ជី (Pa Zi Gyi)។
ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ា ធ្វើឡើងកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយក្នុងយន្ដហោះចម្បាំង បានទម្លាក់គ្រាប់បែកលើអគាររដ្ឋបាលមួយ រីឯឧទ្ធម្ភាគចក្របានបើកការបាញ់រះបន្ថែមលើហ្វូងមនុស្សដែលប្រមូលផ្ដុំគ្នាសម្ពោធអគាររដ្ឋបាលនេះ។ ចំណែកឯ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ដែលបានផ្ដាច់ជិវិតមនុស្សច្រើនបំផុតចាប់តាំងពីមានរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១មក៕