(ប៉ារីស)៖ គុណវិបត្តិដែលកើតចេញពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទៅកាន់ប្រទេសចិន បាន និងកំពុងសាយភាព នៅទូទាំងតំបន់ អាត្លង់ទិក និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅក្នុងតំបន់អាត្លង់ទិក ការកត់សម្គាល់របស់លោក ម៉ាក្រុង ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសម្ព័ន្ធមិត្ត បើទោះជា មេដឹកនាំបារាំងរូបនេះព្យាយាមពន្យល់ពីចក្ខុវិស័យរបស់លោកសម្រាប់ «អនាគតអធិបតេយ្យរបស់អឺរ៉ុប» ក៏ដោយ។

កាលពីសប្ដាហ៍មុន ខណៈលោក ម៉ាក្រុង ស្ថិតនៅលើយន្ដហោះធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីបារាំង ចាប់តាំងពីការឆ្លងរាតត្បាតជំងឺកូវីដ១៩​ ក្រុមអ្នកជំនាញជាច្រើនបានសន្និដ្ឋានថាដំណើរទស្សនកិច្ចនេះតម្រូវឱ្យមាន «ការរក្សាតុល្យភាព» នៅចំពោះមុខសង្រ្គាមឈ្លានពាន នៅអ៊ុយក្រែនរបស់រុស្ស៉ី ដែលជាសម្ព័ន្ធមិត្តរបស់ចិន។ ក៏ប៉ុន្តែ នៅលើជើងហោះហើរនោះ លោក ម៉ាក្រុង បែរជាបង្កឱ្យមានភាពចម្រូងចម្រាសទៅវិញ ដោយនិយាយថា អឺរ៉ុបមិនត្រូវដើរតាមសហរដ្ឋអាមេរិក និងចិនឡើយ តែត្រូវមានស្វ័យភាពយុទ្ធសាស្ត្ររបស់ខ្លួនឯង ដើម្បីអាចក្លាយជា «ប៉ូលទី៣»។​

ក្នុងសម្ភាសន៍ជាមួយកាសែត Politico និងស្ថាប័នព័ត៌មានបារាំង២ផ្សេងទៀត លោក ម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «សំណួរដ៏សំខាន់ដែលអឺរ៉ុបចាំបាច់ត្រូវតែឆ្លើយ... នោះគឺថា តើការបំប៉ោងវិបត្តិតៃវ៉ាន់ វាស្ថិតនៅក្នុងប្រយោជន៍របស់យើងដែរឬទេ...រឿងកាន់តែអាក្រក់ដែលត្រូវគិតគូរ គឺយើងជាជនជាតិអឺរ៉ុប ត្រូវក្លាយជាអ្នកដើរតាមពីក្រោយប្រធានបទនេះ ហើយចាំសម្របតាមរបៀបវារៈរបស់សហរដ្ឋអាមេរិក និងប្រតិកម្មរបស់ចិន»។ ដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង កើតមានឡើងចំពេលមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានជួបជាមួយប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី កំលុងការឈប់សំចតនៅឯរដ្ឋកាលីហ្វ័រញ៉ា ដោយបង្កឱ្យទីក្រុងប៉េកាំងខឹងសម្បារដល់ថ្នាក់ធ្វើ សមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់ ជាការឆ្លើយតប។ សមយុទ្ធយោធារយៈពេល៣ថ្ងៃ ដែលចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន និងបញ្ចប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ម៉ាក្រុង ចាកចេញពីប្រទេសចិន។ កាសែត Politico ដោយផ្អែកលើប្រភពទទួលបានពីមនុស្សស្និទ្ធនឹងលោក ម៉ាក្រុង បានរាយការណ៍ថា ប្រធានាធិបតីបារាំងហាក់សប្បាយចិត្តជាខ្លាំង ដែលទីក្រុងប៉េកាំងបានរង់ចាំរូបលោកចាកចេញពីដែនអាកាសចិនសិន ទើបធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់។

គុណវិបត្តិកើតចេញពីដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង មិនមែនកំណត់ត្រឹមតែសម្ព័ន្ធមិត្តរបស់បារាំងនៅឯនាយសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កការខ្វែងគំនិតគ្នានៅក្នុង សហភាពអឺរ៉ុបផងដែរ។ ជាក់ស្ដែង ខណៈលោក ម៉ាក្រុង ធ្វើដំណើរទៅដល់ប្រទេសហូឡង់ កាលពីថ្ងៃអង្គារសម្រាប់ការបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងការថ្លែងសុន្ទរកថាពីអធិបតេយ្យ អឺរ៉ុប នាយរដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានឡើងយន្ដហោះធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ ថ្លែងទៅកាន់អ្នកសារព័ត៌មានលើយន្ដហោះ លោក Morawiecki បានសង្កត់ធ្ងន់ថាសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក គឺជាមូលដ្ឋានគ្រឹះដាច់ខាតនៃសន្តិសុខអឺរ៉ុប។ «មេដឹកនាំលោកខាងលិចមួយចំនួន ស្រមៃចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយ គេគ្រប់គ្នា ទាំងជាមួយរុស្ស៉ី និងមហាអំណាចមួយចំនួននៅឯចុងបូព៌ា»។ នេះជាការគូសបញ្ជាក់របស់លោក Morawiecki ហើយទោះបីជាមិនបញ្ចេញឈ្មោះមេដឹកនាំមួយណា ក៏ពិតមែន តែគេដឹងច្បាស់ថាលោកចង់និយាយសំដៅនរណា។ ប៉ុន្តែ ហេតុអ្វីដំណើរទស្សនកិច្ចនៅចិនរបស់លោក ម៉ាក្រុង បែរជាបង្កភាពចម្រូងចម្រាស?

តាមពិតទៅ លោក ម៉ាក្រុង បានលើកឡើងពីគោលគំនិតនៃ «យុទ្ធសាស្ត្រស្វ័យភាព» សម្រាប់អឺរ៉ុប ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីបារាំងមកម្ល៉េះ ហើយ ការអត្ថាធិប្បាយលើបញ្ហាតៃវ៉ាន់ វាកាន់តែឆ្លុះបញ្ចាំងពីការផ្ដោតជាអាទិភាពរបស់លោកលើអធិបតេយ្យ សម្រាប់សមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេស។ គោលគំនិតនៃ «នយោបាយការទូតរក្សាតុល្យភាព» របស់បារាំង មានតាំងតែពីសម័យអតីតឧត្ដមសេនីយ៍ សាល ឌឺហ្គោល (Charles de Gaulle) ដែលបានព្យាយាមទប់ទល់នឹងអំណាច លើសលប់របស់សហរដ្ឋអាមេរិក។ នៅក្រោមការដឹកនាំដោយលោក សាល ដឺហ្គោល បារាំងបានក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលទទួលស្គាល់ សាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ១៩៦៤។

តែទោះជាបែបនេះក្ដី នៅ៦០ឆ្នាំក្រោយ ពោលគឺក្នុងពេលដែលចិនដំឡើងសាច់ដុំយោធា វាបានធ្វើឱ្យអ្នកជំនាញខាងគោលនយោបាយលោកខាងលិចជាច្រើន មានគំនិតផ្ទុយពី សកម្មភាពរក្សាតុល្យភាពរបស់លោក ម៉ាក្រុង។ បារាំងមានទឹកដីនៅឯនាយសមុទ្រក្នុងតំបន់មហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ដូច្នេះទើបទីក្រុងប៉ារីសតែងតែចាត់ទុកខ្លួនឯងជាតួអង្គ ដ៏សំខាន់មួយហ្នឹងគេដែរក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ដោយសារមាន «ប្រយោជន៍យុទ្ធសាស្ត្រក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក» និង «នយោបាយការទូតរក្សាតុល្យភាព» បារាំងក៏មាន ការព្រួយបារម្ភជាខ្លាំងដែរដោយខ្លាចត្រូវគៀបជាប់នៅចំកណ្ដោល នៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ហើយបានគំាទ្រដល់ប្រព័ន្ធពហុភាគីនិយម ដើម្បីទប់ទល់នឹង ការកើនឡើងនៃអំណាចផ្ដាច់មុខ ឬប៉ូលតែមួយក្នុងតំបន់។ ការរក្សាជំហរបែបនេះ មានភាពងាយស្រួលនៅមុនពេលរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំ២០២២ និងមុនពេល ចិន និងរុស្ស៉ីខិតជិតគ្នាដូចសព្វថ្ងៃ។ ​មួយវិញទៀត ខណៈប្រកាន់ជំហរអព្យាក្រឹតលើសង្រ្គាមនៅអ៊ុយក្រែន ទីក្រុងប៉េកាំងកំពុងបង្កើនការគាំទ្រដល់សណ្ដាប់ធ្នាប់ពិភពលោកពហុប៉ូល ដែលនេះក៏ជាអ្វីដែលរុស្ស៉ីចង់បានផងដែរ ដើម្បីអាចកាត់បន្ថយឥទ្ធិពល និងកុំឱ្យសហរដ្ឋអាមេរិកដឹកនាំកិច្ចការពិភពលោកតែម្នាក់ឯង។

នៅក្នុងបរិបទបែបនេះឯង ទើបសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន មើលឃើញថា «យុទ្ធសាស្ត្រស័្វយភាព» សម្រាប់អឺរ៉ុប របស់លោក ម៉ាក្រុង ហាក់ដូចជាត្រូវបានដកស្រង់ចេញពី សៀវភៅយុទ្ធសាស្ត្រការទូតរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។ ក្រុមអ្នកជំនាញខ្លះដូចជាលោក Ivo Daalder ជាប្រធានវិទ្យាស្ថាន Chicago Council on Global Affairs និងជាអតីតទីប្រឹក្សានៃអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា យល់ថា យុទ្ធសាស្ត្រស្វ័យភាពរបស់បារាំង មិនមែនជាបញ្ហាចោទទេ តែមកពីលោក ម៉ាក្រុងខ្លួនឯង និយាយ មិនចំពេលត្រូវនិយាយ ស្របពេលសហរដ្ឋអាមេរិក កំពុងវិនិយោគប្រាក់រាប់ពាន់លានដុល្លារលើសន្តិសុខអឺរ៉ុប ការគាំទ្រអ៊ុយក្រែន និងនៅពេលដែលលោកខាងលិច ត្រូវបានគេមើលឃើញថាកំពុងមានសាមគ្គីភាពនឹងគ្នា។

លោក Daalder បានសង្កត់ធ្ងន់ដូច្នេះថា «លោក ម៉ាក្រុង មិនចង់ឱ្យអឺរ៉ុបធ្លាក់ចូលក្នុងវិបត្តិដែលមិនមែនជាវិបត្តិរបស់យើងដូចជាតៃវ៉ាន់ជាដើម។ ប៉ុន្តែ លោកបែរជាកំពុងពឹងផ្អែកលើ ការប្ដេជ្ញាចិត្តខាងសន្តិសុខរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយវិបត្តិដូចជាអ៊ុយក្រែន ក្នុងតំបន់អឺរ៉ុបទៅវិញ។ នេះមិនមែនជាយុទ្ធសាស្ត្រស្វ័យភាពនោះទេ តែជាយុទ្ធសាស្ត្រ គ្មានន័យអ្វីទាំងអស់»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ម៉ាក្រុង ក៏ត្រូវបានក្រុមបាតុករប្រឆាំងនឹងរូបលោក ហៅថា «ជាទង្វើក្បត់នឹងពាក្យគោលការណ៍ប្រជាធិបតេយ្យរួម» ដោយពួកគេបានស្រែក ថា «ឯណា ទៅប្រជាធិបតេយ្យបារាំង»។ ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅខាងក្រៅមហាស្រពមួយក្នុងទីក្រុងឡាអេ ប្រទេសហូឡង់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ និងបានរំខានដល់ ការថ្លែងសុន្ទរកថារបស់លោក ម៉ាក្រុង ស្ដីពីអធិបតយ្យអឺរ៉ុប។ យ៉ាងណាក៏ដោយ​​​ ខាងវិមានប្រធានាធិបតីបារាំងបាននិយាយថាជំហររបស់បារាំងចំពោះតៃវ៉ាន់ មិនមានការប្រែប្រួល ឡើយ ហើយទីក្រុងប៉ារីសនៅតែគាំទ្រស្ថានភាពដើម និងការរក្សាការផ្ដោះប្ដូរ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយតៃវ៉ាន់ ដែលនៅតែមិនទាន់ធ្វើការអត្ថាធិប្បាយផ្លូវការចំពោះ ការអត្ថាធិប្បាយរបស់លោក ម៉ាក្រុង នោះទេ៕