(សេអ៊ូល)៖ នៅថ្ងៃពុធនេះ បក្សប្រឆាំងនៅកូរ៉េខាងត្បូង បានទទូចឱ្យរដ្ឋាភិបាលទីក្រុងសេអ៊ូល បើកការស៉ើបអង្កេតល្អិតល្អន់មួយទៅលើ ករណីសង្ស័យមានការសកម្មភាពលួចស៉ើបការណ៍ពីសំណាក់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។
ថ្មីៗនេះឯកសារព័ត៌មានសម្ងាត់ៗជាច្រើនរបស់សហរដ្ឋអាមេរិក បានបែកធ្លាយលើបណ្តាញអ៉ីនធើណិត ក្នុងនោះមានទាំងការលាតត្រដាងថា ទីក្រុងវ៉ាស៉ីនតោនបានលួចស៉ើបការណ៍លើ ក្រុមទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយុល ថែមទៀតផង ដែលវាជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកការផ្គត់ផ្គង់អាវុធសម្រាប់អ៊ុយក្រែន។
ទោះជាបែបនេះក្តី កាលពីថ្ងៃអង្គារ ខាងទីក្រុងសេអ៊ូលបានព្យាយាមនិយាយបន្ធូរបន្ថយ សារសំខាន់និងផលប៉ះពាល់នៃការលេចធ្លាយនេះ ដោយការិយាល័យលោក យូន បានអះអាងថា ឯកសារជាច្រើនក្នុងចំណោមនោះគឺក្លែងក្លាយ ហើយទីប្រឹក្សាសន្តិសុខជាតិរបស់លោកផ្ទាល់ បាននិយាយថា វាហាក់មិនមានចេតនាអាក្រក់អ្វីឡើយ នៅក្នុងឧប្បត្តិហេតុនេះ។
យ៉ាងណាមិញ ការលាតត្រដាងខាងលើ បានបង្កឱ្យមានការរិះគន់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្តីពីភាពទន់ខ្សោយនៃទីតាំងសំខាន់ៗរបស់កូរ៉េខាងត្បូង រួមមានទាំងការិយាល័យប្រធានាធិបតី។ លោក លី ចេម្យុង (Lee Jae Myung) មេបក្សប្រឆាំងធំបំផុតរបស់កូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាលត្រូវតែស៉ើបអង្កេតឱ្យល្អិតល្អន់ អំពីករណីសង្ស័យមានការលួចស្តាប់នេះ ហើយបើរកឃើញថា វាជាការពិតមែននោះ កូរ៉េខាងត្បូងត្រូវទទួលបាន ការសុំទោសផ្លូវការមួយ រួមទាំងការធានាថា នឹងមិនមានការធ្វើយ៉ាងដូច្នោះទៀតឡើយ ពីសំណាក់សហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថា ក្រុមសមាជិកសភាបក្សប្រឆាំង បានចោទរដ្ឋាភិបាលកូរ៉េខាងត្បូងថា កំពុងព្យាយាមមើលរំលងបញ្ហានេះ ដើម្បីព្យាយាមរក្សាទំនាក់ទំនងឱ្យនៅមានភាពរលូនល្អ មុនដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក យូន ស៊ុកយុល ទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដែលនឹងប្រពឹត្តទៅក្នុងខែមេសានេះ៕