(ប៉េកាំង)៖ ប្រទេសចិននិងប្រេស៊ីលមានចម្ងាយពីគ្នាប្រហែល១ម៉ឺន៨ពាន់៨រយគីឡូម៉ែត្រ ហើយជាប្រទេសកំពុងអភិវឌ្ឍធំជាងគេ នៅអឌ្ឍគោលខាងកើតនិងខាងលិចដោយឡែកពីគ្នា។ ទន្ទឹមនឹងការដែលលោកLula ប្រធានាធិបតីប្រេស៊ីលចាប់ផ្តើមដំណើរទស្សនកិច្ច មកកាន់ប្រទេសចិននៅថ្ងៃទី១២ខែមេសា ប្រទេសមហាអំណាចដែលកំពុងងើបឡើងថ្មីទាំងពីរដែលពុះចែក ដោយមហាសមុទ្រនឹងចាប់ដៃគ្នាម្តងទៀត។

នេះគឺជាលើកទីបីហើយដែលលោក Lula បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ហើយក៏ជាលើកដំបូងដែលលោកបានបំពេញទស្សនកិច្ច នៅប្រទេសក្រៅតំបន់គិតតាំងពីលោកបានចូលកាន់មុខតំណែងជា ប្រធានាធិបតីប្រេស៊ីលនៅខែមករាឆ្នាំនេះផងដែរ។ សម្រាប់ប្រជាជនចិន លោកប្រធានាធិបតីLula គឺជាមិត្តចាស់មួយរូប។ ក្នុងអំឡុងពេលលោកបានកាន់មុខតំណែងជាប្រធានាធិបតីជាលើកដំបូង លោកបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចំនួនពីរលើកហើយ បានចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិក ក្រុងប៉េកាំងឆ្នាំ២០០៨។ ក្នុងអំឡុងពេលកាន់តំណែងរបស់លោកប្រធានាធិបតីLula ទំនាក់ទំនងចិននិងប្រេស៊ីលបានវិវឌ្ឍទៅមុខដោយលោតផ្លោះ។

នៅខែមករាឆ្នាំនេះ លោកLulaដែលមានអាយុ៧៧ឆ្នាំបានឡើង កាន់មុខតំណែងជាប្រធានាធិបតីប្រេស៊ីលជាលើកទីបី។ លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើលិខិតដើម្បីអបអរសាទរ ចំពោះការឡើងកាន់មុខតំណែងរបស់លោក ដោយសង្កត់ធ្ងន់ថា ប្រទេសចិននិងប្រេស៊ីល គឺជាប្រទេសកំពុងអភិវឌ្ឍដែលប្រកបដោយ ឥទ្ធិពលសកលនិងជាទីផ្សារងើបឡើងថ្មីដ៏សំខាន់ ចិននិងប្រេស៊ីលគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់គ្នា ទៅវិញទៅមកដែលមានផលប្រយោជន៍រួមគ្នាយ៉ាងទូលំទូលាយ។ នៅពេលទទួលយកសារតាំងពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសប្រេស៊ីល នៅខែកុម្ភៈឆ្នាំនេះ លោកប្រធានាធិបតីLulaបានថ្លែងថា ប្រេស៊ីលរំពឹងថា នឹងធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ជាមួយភាគីចិនមានភាពកាន់តែជិតស្និទ្ធ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ក៏ដូចជា"ជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរវិវឌ្ឍ ទៅមុខដោយខ្លាំងក្លាថែមមួយកម្រិតទៀត"។

បញ្ហាសេដ្ឋកិច្ចជាចំណុចសំខាន់ធំមួយនៃដំណើរទស្សនកិច្ចរបស់លោកLulaលើកនេះ។ នាពេលបច្ចុប្បន្ននេះ ប្រទេសប្រេស៊ីលកំពុងប្រឈមមុខនឹងភារកិច្ចធ្ងន់នៃការស្តារឡើងវិញក្រោយពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយលោកLulaបានប្តេជ្ញាចិត្តក្នុងការជំរុញ"ឧស្សាហូបនីយកម្មម្តងទៀត"របស់ប្រទេសប្រេស៊ីល។ រីកឯប្រទេសចិនកំពុងជំរុញការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់និងការបើកចំហប្រកបដោយកម្រិតខ្ពស់ដែលនឹងផ្តល់ឱកាសឈ្នះ-ឈ្នះសម្រាប់បណ្តាប្រទេសពិភពលោក ដែលបូករួមទាំងប្រទេសប្រេស៊ីលផងដែរ។ មុនពេលលោកLulaចេញដំណើរ មន្ត្រីប្រេស៊ីលនិងតំណាងសហគ្រិនជាច្រើន បានមកដល់ទីក្រុងប៉េកាំងមុនពេលកំណត់។ លោកCarlosFávaro រដ្ឋមន្ត្រីក្រសួងកសិកម្មនិងចិញ្ចឹមសត្វប្រទេសប្រេស៊ីល បានថ្លែងនៅពេលផ្តល់បទសម្ភាស៍នៅទីក្រុងប៉េកាំងថា "យើងនឹងបង្កើតទំនាក់ទំនងភាពដៃគូសហការកាន់តែច្រើនជាមួយប្រទេសចិន ដើម្បីរួមគ្នាបង្កើនផលិតភាពនិងទិន្នផលរបស់ភាគីទាំងពីរ"។

ក្នុងពេលជាមួយគ្នានេះ ដំណឹងល្អមួយទៀតសម្រាប់ភាពងាយស្រួលនៃពាណិជ្ជកម្ម និងការវិនិយោគរវាងចិននិងប្រេស៊ីលបានប្រកាសចេញមក។ នៅចុងខែមីនា រដ្ឋាភិបាលប្រេស៊ីលបានថ្លែងថា ប្រទេសប្រេស៊ីលបានឈានដល់កិច្ចព្រមព្រៀងជាមួយ ប្រទេសចិនដែលនឹងទូទាត់ពាណិជ្ជកម្មតាមរូបិយវត្ថុរបស់ប្រទេសខ្លួន។

ក្រោមការជំរុញពីមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងចិននិងប្រេស៊ីលកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ហើយទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ក៏កាន់តែជិតស្និទ្ធជាបន្តបន្ទាប់ផងដែរ។ ក្រៅពីបាល់ទាត់ របាំសាំបា និងសាច់អាំង ជនជាតិចិនសព្វថ្ងៃ ជាពិសេសយុវជនចិនបាន ស្គាល់ប្រេស៊ីលច្រើនជាងមុន។

"មិត្តចាស់របស់ប្រជាជនចិន"មកដល់ហើយ! មជ្ឈដ្ឋានខាងក្រៅយកចិត្តទុកដាក់ខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកLulaមកកាន់ប្រទេសចិន ពីព្រោះក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍធំជាងគេ នៅអឌ្ឍគោលខាងកើតនិងខាងលិចការពង្រីកទំនាក់ទំនង រវាងប្រទេសចិននិងប្រេស៊ីលមិនត្រឹមតែមានអំណោយផល ដល់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ផលប្រយោជន៍ ដល់ពិភពលោកទាំងមូលទៀតផង៕

វិទ្យុមិត្តភាពកម្ពុជាចិន