(វ៉ាស៉ីនតោន)៖ លទ្ធផលស្ទង់មតិ ដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញថា ម្នាក់ក្នុងចំណោមប្រជាជនអាមេរិកពេញវ័យ ៥នាក់ គឺមានសមាជិកគ្រួសារដែលត្រូវបានសម្លាប់ដោយកាំភ្លើង រាប់ទាំងការធ្វើអត្តឃាត ហើយអត្រាប្រហាក់ប្រហែលគ្នា ក៏បានអះអាងដែរថា ពួកគេផ្ទាល់ធ្លាប់រងការគំរាមកំហែងដោយកាំភ្លើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។
របាយការណ៍របស់អង្គការស្រាវជ្រាវ KFF ដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្រ្វាន់ស៉ីស្កូ បានរកឃើញថា អំពើហិង្សាពាក់ព័ន្ធកាំភ្លើង រួមមានទាំងករណីបាញ់ប្រហារស្លាប់និងរបួសមនុស្សច្រើន, ករណីអត្តឃាត និងឧបទ្ទវហេតុ គឺបានក្លាយជារឿងកើតមានឡើងយ៉ាងញឹកញាប់ជាខ្លាំង នៅក្នុងសហរដ្ឋអាមេរិក រហូតដល់ថ្នាក់៨៤ភាគរយនៃប្រជាជនអាមេរិកពេញវ័យ និយាយថា ពួកគេសុទ្ធតែបាននាំគ្នាចាត់វិធានការបង្ការ ដើម្បីការពារខ្លួនឯង ហើយនិងសមាជិកគ្រួសាររបស់ពួកគេ ពីគ្រោះថ្នាក់នៃការបាញ់ប្រហារដោយកាំភ្លើង។
លើសពីមួយភាគបីនៃអ្នកដែលបានចូលរួមស្ទង់មតិ បានឱ្យដឹងទៀតថា ពួកគេតែងតែចៀសវាងកន្លែងប្រមូលផ្តុំមនុស្សច្រើនៗ ដោយសារលទ្ធភាពនៃការផ្ទុះឡើង នូវអំពើហិង្សាដោយកាំភ្លើង ខណៈ២៩ភាគរយ បានទិញកាំភ្លើងដើម្បីទុកការពារខ្លួនឯងនិងគ្រួសារ។ ទិន្នន័យខាងលើនេះ ត្រូវបានបញ្ចេញត្រឹមមួយថ្ងៃប៉ុណ្ណោះ ក្រោយករណីបាញ់ប្រហារនៅធនាគារមួយកន្លែង ក្នុងរដ្ឋខេនថាក់គី (Kentucky) ដែលបានសម្លាប់មនុស្ស៥នាក់។ យោងតាមអង្គការ KFF ប្រជាជនអាមេរិកពេញវ័យ៤១ភាគរយ រស់នៅក្នុងលំនៅឋានដែលមានវត្តមានកាំភ្លើង ហើយ៤៤ភាគរយនៃលំនៅឋានទាំងនោះ គឺកាំភ្លើងមិនត្រូវបានរក្សាទុក នៅកន្លែងមានសុវត្ថិភាពត្រឹមត្រូវឡើយ។
គួរបញ្ជាក់ថា បើយោងតាមអង្គការ Gun Violence Archive វិញ គិតត្រឹមពេលនេះ មនុស្សសរុបចំនួន១១,៦៣១នាក់ហើយ បានស្លាប់ដោយសារកាំភ្លើង ក្នុងឆ្នាំ២០២៣នេះ នៅសហរដ្ឋអាមេរិក ក្នុងនោះ៤,៩៦៤ករណី ជាករណីឃាតកម្ម ករណីគ្រោះថ្នាក់ដៃដន្យ និងករណីប្រើប្រាស់កាំភ្លើងដើម្បីការពារខ្លួន ខណៈ៦,៦៦៦ករណី គឺជាករណីអត្តឃាត។ កាលពីក្នុងឆ្នាំ២០២២ អង្គការនេះបានអះអាងថា មនុស្សសរុប២០,២៤៩នាក់ បានស្លាប់ក្នុងករណីបាញ់ប្រហារដោយអចេតនា ករណីការពារខ្លួន និងករណីឃាតកម្ម ខណៈ២៤,០០០នាក់ បានប្រើកាំភ្លើងដើម្បីដើម្បីបាញ់សម្លាប់ខ្លួនឯង៕