(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីជួបលោក ស៉ី ជិនពីង ហើយខំប្រឹងប្រែងយកចិត្តយកថ្លើម លោកប្រធានាធិបតីចិនជាខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣។
ថ្លែងក្នុងបទសម្ភាសជាមួយសារព័ត៌មានអាមេរិក Fox News លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកបានធ្លាក់ចុះឥទ្ធិពល នៅលើពិភពលោក ចាប់តាំងពីលោកបានចាកចេញពីសេតវិមានមក។ អតីតប្រធានាធិបតីអាមេរិករូបនេះ បាននិយាយដូច្នេះថា «ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងភាពវឹកវរ ហើយសហរដ្ឋអាមេរិកគ្មានឥទ្ធិពលអ្វីទាល់តែសោះ។ ចំណែកលោក ម៉ាក្រុង ឯណោះវិញ បានទៅដល់ប្រទេសចិន ហើយខំប្រឹងប្រែងលើកជើងប្រធានាធិបតីចិនជាខ្លាំង។ ខ្ញុំយល់ថា ពេលនេះបារាំងកំពុងងាកទៅរកចិនហើយ»។ លោក ត្រាំ ទោះទើបតែត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌនៅទីក្រុងញូយ៉កក៏ដោយ ត្រូវគេរំពឹងថាអាចនឹងក្លាយជា បេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី នៅឆ្នាំ២០២៤។
គួរបញ្ជាក់ថា លោក ម៉ាក្រុង បានបង្កឱ្យមានភាពចម្រូងចម្រាស ក្រោយការបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន កាលពីសប្តាហ៍មុន ដែលកំលុងពេលនោះ លោកបានលើកឡើងថា ក្រុមប្រទេសអឺរ៉ុបមិនគួរភ្ជាប់ខ្លួនពួកគេ ទៅនឹងគោលនយោបាយការបរទេសអាមេរិកឡើយ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោកប្រធានាធិបតីបារាំងបាននិយាយថា អឺរ៉ុបមិនគួរធ្លាក់ទៅក្នុងការប្រឈមមុខគ្នាដ៏តានតឹងរវាងប៉េកាំងនិងវ៉ាស៉ីនតោន ជុំវិញជោគវាសនានៃកោះតៃវ៉ាន់នោះទេ។ ខាងចិនបានប្តេជ្ញាថានឹងបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់នៅថ្ងៃណាមួយ ខណៈខាងអាមេរិកបានប្តេជ្ញាជួយដែនកោះនេះការពារខ្លួន៕