(ឡុងដ៍)៖ ចក្រភពអង់គ្លេសបានតែងតាំង លោកស្រី Anne Keast-Butler ជាអគ្គនាយកស្ត្រីដំបូងគេនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ GCHQ របស់ខ្លួនកាលពីថ្ងៃអង្គារ ដោយមានភារកិច្ចការពារប្រទេសពីភេរវជន ឧក្រិដ្ឋជនតាមអ៊ីនធឺណិត និងមហាអំណាចបរទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។
លោកស្រីនឹងចូលកាន់តំណែងនៅដើមខែឧសភា ជំនួសលោក Jeremy Fleming ដែលកំពុងចុះចេញពីតំណែង បន្ទាប់ពីកាន់តំណែងនេះរយៈពេលប្រាំមួយឆ្នាំ។
រដ្ឋមន្ត្រីការបរទេស លោក James Cleverly ដែលបានធ្វើការតែងតាំងនេះ បាននិយាយថា លោកស្រី Keast-Butler មានកំណត់ត្រាដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងបេះដូង នៃបណ្តាញសន្តិសុខជាតិរបស់ចក្រភពអង់គ្លេស។ លោកបាននិយាយថា «លោកស្រី Anne នឹងប្រើប្រាស់បទពិសោធន៍ដ៏សម្បូរបែបរបស់នាង ដើម្បីជួយរក្សាសុវត្ថិភាពសាធារណៈជនអង់គ្លេស»។
បច្ចុប្បន្នលោកស្រីគឺជាអគ្គនាយករងនៅទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុករបស់ចក្រភពអង់គ្លេស ដែលត្រូវបានគេស្គាល់ថា MI5 ។
ទីភ្នាក់ងារ GCHQ គឺជាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដ៏សំខាន់របស់ចក្រភពអង់គ្លេស និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិក ក៏ដូចជាជាមួយសមភាគីនៅក្នុងប្រទេសកាណាដា អូស្ត្រាលី និងនូវែលសេឡង់នៅក្នុងសម្ព័ន្ធមួយដែលមានឈ្មោះថា «ភ្នែកប្រាំ»៕