(បែរឡាំង)៖ អាល្លឺម៉ង់នឹងត្រូវបិទរ៉េអាក់ថាមពលនុយក្លេអ៊ែររបស់ខ្លួនចំនួន៣កន្លែង ដែលនៅសល់ចុងក្រោយគេ នាថ្ងៃសៅរ៍សប្តាហ៍នេះ ជាមួយក្តីរំពឹងថា នឹងអាចបំពេញមហិច្ឆតាថាមពលបៃតងរបស់ខ្លួនបាន ដោយពុំចាំបាច់មានថាមពលអាតូមិចនោះឡើយ បើទោះបីកំពុងប្រឈមនឹងវិបត្តិថាមពល ដែលបង្កឡើងដោយសង្រ្គាមអ៊ុយក្រែនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។
រ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរ ៣កន្លែងចុងក្រោយ ដែលកំពុងដំណើរការនៅក្នុងប្រទេសអាល្លឺម៉ង់ រួមមាន អ៉ីសា ធូ (Isar 2), ណេកាវេសថែម ធូ (Neckarwestheim 2) ហើយនិង អឹមស្លាន (Emsland)។ អាល្លឺម៉ង់បានព្យាយាមចាប់ផ្តើមបញ្ឈប់ ការប្រើថាមពលនុយក្លេអ៊ែរតាំងពីឆ្នាំ២០០២មក។ ពីដំបូងឡើយ រ៉េអាក់ទ័រ៣ខាងលើ ត្រូវបានគ្រោងនឹងបិទដំណើរការ នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែត្រូវពន្យារមកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣វិញ។
អេរ៉ាក់ទ័រនុយក្លេអ៊ែរសរុបចំនួន១៦កន្លែង ត្រូវបានបិទនៅអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ២០០៣មក។ ខណៈដែលប្រទេសលោកខាងលិចជាច្រើន កំពុងបង្កើនការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ក្នុងការធ្វើអន្តរកាលរបស់ពួកគេ ទៅរកប្រភពធនធានបៃតង ដែលជះផលប៉ះពាល់តិចតួចជាងមុនចំពោះបរិស្ថាន អាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប នៅតែកំពុងប្រកាន់ខ្ជាប់ផែនការឈប់ប្រើថាមពលនុយក្លេអ៊ែររបស់ខ្លួន។
កាលពីក្នុងឆ្នាំមុន រ៉េអាក់ទ័រ Isar 2, Neckarwestheim 2 និង Emsland ទទួលបន្ទុកតែ៦ភាគរយប៉ុណ្ណោះ នៃការផ្គត់ផ្គង់ថាមពលនៅអាល្លឺម៉ង់ ធៀបនឹងជិត៣១ភាគរយ មកពីរ៉េអាក់ទ័រថាមពលនុយក្លេអ៊ែរទាំងអស់ ដែលនៅដំណើរការ កាលពីឆ្នាំ១៩៩៧។ ទន្ទឹមគ្នា កាលពីឆ្នាំ២០២២ ៤៦ភាគរយ នៃថាមពលដែលអាល្លឺម៉ង់ផលិតបាន គឺចេញមកពីប្រភពដែលអាចកកើតឡើងវិញ ខណៈកាលពីមួយទសវត្សរ៍មុន គឺមិនដល់២៥ភាគរយផង។
គួរបញ្ជាក់ថា យ៉ាងណាក្តី កម្រិតរីកចម្រើនសព្វថ្ងៃ នៃប្រភពធនធានថាមពលអាចកកើតឡើងវិញ នឹងមិនគ្រប់គ្រាន់ឱ្យអាល្លឺម៉ង់ សម្រេចតាមគោលដៅរបស់ខ្លួននោះទេ ជាពិសេសដោយសារតែគោលដៅចង់បិទ ស្ថានីយថាមពលធ្យូងថ្មទាំងអស់ថែមទៀត នៅក្នុងប្រទេសនេះ នៅត្រឹមឆ្នាំ២០៣៨ ខណៈការចាប់ផ្តើមបិទជុំដំបូងនឹងត្រូវធ្វើឡើង នៅឆ្នាំ២០៣០។ បច្ចុប្បន្ន ធ្យូងថ្មនៅទទួលបន្ទុក១ភាគ៣ នៃការផលិតអគ្គិសនីនៅអាល្លឺម៉ង់នៅឡើយ ហើយឆ្នាំមុនវាបានកើន៨ភាគរយ ក្រោយបាត់បង់ការផ្គត់ផ្គង់ថាមពលពីរុស្ស៉ី ជុំវិញបញ្ហាសង្រ្គាមអ៊ុយក្រែន៕