(ម៉ានីល)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក អេនរីគ ម៉ាណាឡូ (Enrique Manalo) បាននិយាយថា ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងម៉ានីល នឹងត្រូវបើកកិច្ចពិភាក្សាគ្នា អំពីអ្វីខ្លះដែលសហរដ្ឋអាមេរិកអាចធ្វើបាន ជាមួយសិទ្ធិប្រើប្រាស់មូលដ្ឋានយោធាមួយចំនួន នៅក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។
យោងតាមទស្សនៈរបស់ក្រុមអ្នកជំនាញយោធា អាមេរិកមើលឃើញហ្វីលីពីន គឺជាទីតាំងប្រកបដោយសក្តានុពល សម្រាប់ការដាក់ពង្រាយប្រព័ន្ធរ៉ុក្កែត មីស៉ីល និងកាំភ្លើងធំ ដើម្បីទប់ទល់ការវាយប្រហារតាមផ្លូវទឹករបស់ចិន ទៅលើកោះតៃវ៉ាន់ ដែលត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។
នៅពេលត្រូវបានសាកសួរថា តើហ្វីលីពីនអាចនឹងអនុញ្ញាតឱ្យមានអាវុធទាំងនោះ សម្រាប់គោលបំណងយ៉ាងដូច្នោះដែរឬអត់ ក្រោមក្របខណ្ឌនៃការពង្រីក សិទ្ធិប្រើមូលដ្ឋានយោធាហ្វីលីពីន នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៤ ជាមួយអាមេរិក ហៅថា EDCA លោក ម៉ាណាឡូ បានឆ្លើយតបយ៉ាងដូច្នេះថា «យើងទើបកំណត់បានទីតាំងមូលដ្ឋានថ្មីៗទាំងនោះ។ វានឹងត្រូវមានការពិភាក្សាគ្នាឱ្យច្បាស់លាស់ អំពីលក្ខខណ្ឌនៃការប្រើប្រាស់ពួកវា ហើយអ្វីៗនឹងអាស្រ័យទៅលើថា តើការជជែកពិភាក្សានឹងសម្រេចបានបែបណា»។
កាលពីសប្តាហ៍មុន ហ្វីលីពីនបានប្រកាសពីទីតាំងនៃមូលដ្ឋានយោធាចំនួន៤ថ្មី ដែលកងទ័ពអាមេរិកមានសិទ្ធិប្រើប្រាស់ ចំគ្រាដែលសម្ព័ន្ធមិត្តទាំងពីរសុទ្ធតែមានក្តីបារម្ភដូចគ្នា អំពីការកើនឡើងឫទ្ធានុភាពរបស់ចិន។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បានធានាអះអាងថា មូលដ្ឋានយោធាទាំងឡាយដែលអាមេរិកមានសិទ្ធិប្រើ គឺនឹងមិនត្រូវប្រើប្រាស់ជា កន្លែងសម្រាប់បើកការវាយប្រហារមុនដាច់ខាត ដោយលោកសង្កត់ធ្ងន់ថា ការពង្រីកកិច្ចព្រមព្រៀងបន្ថែមជាមួយទីក្រុងវ៉ាស៉ីនតោននេះ គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសលោកប៉ុណ្ណោះ។
គួរបញ្ជាក់ថា ទីតាំងនៃមូលដ្ឋានយោធា EDCA ៤ថ្មីខាងលើ គឺមានសារសំខាន់ខ្លាំង ដោយសារក្នុងចំណោមនោះ ៣ទីតាំងស្ថិតនៅតំបន់ភាគខាងជើងហ្វីលីពីន ដែលសំដៅទៅរកតៃវ៉ាន់ និង១ទីតាំងទៀត ស្ថិតនៅក្បែរទីប្រជុំកោះស្រ្ពេតលី (Spartly) ដែលមានបញ្ហាវិវាទ នៅសមុទ្រចិនខាងត្បូង។ កាលពីសប្តាហ៍កន្លងទៅ ទីក្រុងប៉េកាំងបានចោទថា ការពង្រឹងការដាក់ពង្រាយយោធារបស់អាមេរិកនៅហ្វីលីពីន នឹងនាំទៅរកការកើនឡើងភាពតានតឹងក្នុងតំបន់ ជាក់ជាមិនខាន៕