(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្កឱ្យមានការបញ្ចេញមតិរិះគន់មួយចំនួន មកលើរូបលោក តាមរយៈការលើកឡើងថា អឺរ៉ុបមិនមានចំណាប់អារម្មណ៍ ក្នុងការដុតបញ្ឆេះភាពតានតឹងពាក់ព័ន្ធបញ្ហាតៃវ៉ាន់ឡើយ ហើយគួរតែក្លាយជាប៉ូលអំណាចទី៣ ដែលឯករាជ្យពីទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Les Echos និង Politico កំលុងទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅឯប្រទេសចិន កាលពីសប្តាហ៍មុន លោក ម៉ាក្រុង បាននិយាយដូច្នេះថា «រឿងដែលអាក្រក់បំផុតនោះ គឺការគិតថាពួកយើងនៅអឺរ៉ុប ចាំបាច់ត្រូវតែក្លាយជាអ្នកដែលដើរតាមគេជុំវិញប្រធានបទនេះ (តៃវ៉ាន់) ហើយសម្របខ្លួនទៅតាមជំហររបស់អាមេរិក ឬក៏ជំហររបស់ចិន»។
ក្រុមអ្នកនយោបាយអាមេរិកនិងអឺរ៉ុប បានរិះគន់គោលជំហររបស់លោកប្រធានាធិបតីបារាំងថា ហាក់មានលក្ខណៈផ្គាប់ចិត្តចិន។ លោក ណ័របឺត រ៉ូតហ្កិន (Norbert Roettgen) ដែលជាសមាជិកសភាអាល្លឺម៉ង់ បានបង្ហាញសារលើប្រព័ន្ធ Twitter ថា លោក ម៉ាក្រុង បានប្រែក្លាយដំណើរទស្សនកិច្ចរបស់លោកនៅចិន ទៅជាភាពជោគជ័យមួយ នៃទំនាក់ទំនងសាធារណៈ សម្រាប់ប្រធានាធិបតីចិនលោក ស៉ី ជិនពីង ប៉ុន្តែជាមហន្តរាយនយោបាយការបរទេសសម្រាប់អឺរ៉ុប។ ចំណែកលោក ម៉ាកូ រូប៊ីអូ (Marco Rubio) ដែលជាសមាជិកព្រឹទ្ធសភាអាមេរិកវិញ បាននិយាយថា «ប្រសិនបើអឺរ៉ុបមិនចង់ជ្រើសរើសរវាងអាមេរិកនិងចិន ជុំវិញបញ្ហាតៃវ៉ាន់ទេនោះ ក៏ប្រហែលយើងមិនគួរជ្រើសរើសឈរនៅខាងភាគីណាមួយដែរ ជុំវិញវិបត្តិអ៊ុយក្រែន»។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ចិន ហើយមិនដែលបោះបង់ចោលជម្រើស ប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមគ្នាវិញនោះឡើយ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ យោធាចិនទើបតែបញ្ចប់សមយុទ្ធរយៈពេល៣ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ បានជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក នៅរដ្ឋកាលីហ្វរញ៉ា៕