(សេអ៊ូល)៖ មន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូបរបស់កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា ព័ត៌មានដែលមាននៅក្នុងឯកសារសម្ងាត់របស់សហរដ្ឋអាមេរិក ដែលបានបែកធ្លាយ និងហាក់ដូចជាផ្អែកលើការពិភាក្សាផ្ទៃក្នុង ក្នុងចំណោមមន្ត្រីកំពូលកូរ៉េខាងត្បូង គឺ «ជាព័ត៌មានមិនពិត ហើយត្រូវបានកែប្រែ»។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។

ទីប្រឹក្សាសន្តិសុខជាតិរង លោក គីម តេយ៉ូ (Kim Tae-hyo) បានធ្វើការកត់សម្គាល់បែបនេះ ក្នុងពេលចេញដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី យូន ស៊ុកយុល (Yoon Suk Yeol) ទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមេសា ព្រមជាមួយនិងការសង្កត់ធ្ងន់ថាសម្ព័ន្ធភាព រវាងប្រទេសទាំងពីរ នៅតែរឹងមាំ។

លោក គីម បានប្រាប់អ្នកយកព័ត៌មាន យ៉ាងដូច្នេះថា «ប្រទេសទាំងពីរមានការវាយតម្លៃដូចគ្នាថា ព័ត៌មានជាច្រើនដែលបែកធ្លាយនោះត្រូវបានកែប្រែ ហើយរបាយការណ៍ស្តីពី កូរ៉េខាងត្បូងគឺ «មិនពិត» នោះទេ»។ យ៉ាងនេះក្តី លោក គីម មិនបានបញ្ជាក់លម្អិតថាតើចំណុចណាមួយដែលជាព័ត៌មានមិនពិតនោះឡើយ។

គួរបញ្ជាក់ថា ឯកសារសម្ងាត់បែកធ្លាយជាច្រើន ត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលថ្មីៗនេះ ដោយមាននិយាយពីសង្គ្រាមនៅអ៊ុយក្រែន រួមទាំងឯកសារមួយ ដែលផ្តល់ព័ត៌មានលម្អិតនៃការពិភាក្សាផ្ទៃក្នុង ក្នុងចំណោមមន្ត្រីកូរ៉េខាងត្បូងជុំវិញការរងសម្ពាធរបស់សហរដ្ឋអាមេរិក ដើម្បីជួយផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន៕