(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារនេះ បាននិយាយថានាវាចម្បាំងចិន ៨គ្រឿង នៅតែបន្តធ្វើប្រតិបត្តិការនៅក្នុងដែនទឹក ជុំវិញកោះតៃវ៉ាន់ មួយថ្ងៃបន្ទាប់ពីទីក្រុង ប៉េកាំងបិទបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។

ចិនបានបើកធ្វើសមយុទ្ធយោធារយ​ៈពេល ៣ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ ដោយចាប់ផ្ដើមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន និងបានបញ្ចប់កាលពីថ្ងៃចន្ទម្សិលមិញ ដោយក្នុងសមយុទ្ធនេះ យោធាចិនបានហាត់សមពីរបៀបវាយប្រហារ និងការបិទខ្ទប់ឡោមព័ទ្ធកោះតៃវ៉ាន់។ ការបង្ហាញធ្វើសមយុទ្ធបង្ហាញសាច់ដុំនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងជំនួបរវាងមេដឹកនាំ តៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន និងប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីសប្ដាហ៍មុន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា វានាចម្បាំងចិន ៨គ្រឿង នៅតែបន្តធ្វើប្រតិបត្តិការនៅក្នុងដែនទឹកជុំវិញកោះតៃវ៉ាន់ ហើយបច្ចុប្បន្ន យោធាតៃវ៉ាន់កំពុងតាមដានសកម្មភាពនាវាចម្បាំងទាំងនេះ។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិតៃវ៉ាន់ នាវាចម្បាំងចិន ១២គ្រឿង និងយន្ដហោះចម្បាំង៩១គ្រឿង បានធ្វើសកម្មភាពនៅជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទម្សិលមិញដែល ជាថ្ងៃចុងក្រោយនៃសមយុទ្ធយោធា ដោយក្នុងចំណោមយន្ដហោះចម្បាំងទាំងនោះទៀតសោត មាន៥៤គ្រឿង បានហោះចូលតំបន់កំណត់អត្តសញ្ញាណដែនការពារអាកាស នៅភាគនិរតី និងភាគអាគ្នេយ៍របស់តៃវ៉ាន់៕