(មូស្គូ)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ថាលោកចង់បានការធានាថាទីក្រុងមូស្គូនឹងធ្វើអន្តរាគមន៍ការពារប្រទេសរបស់លោក នៅក្នុងករណីរងការវាយប្រហារណាមួយ។ នេះបើតាមការដកស្រង់ចេញផ្សាយពី ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក លូកាសិនកូ ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡារុស BelTA និងដែលបានថ្លែងទៅកាន់រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) កំលុងកិច្ចប្រជុំមួយក្នុងទីក្រុងមីនស្កិ៍ ប្រទេសបេឡារុស។ បើតាម BelTA លោក លូកាសិនកូ ក៏បានពិភាក្សាពីបញ្ហាខាងលើ ជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ផងដែរ ហើយលោក ពូទីន បានយល់ស្របថាការធានាសន្តិសុខគឺជារឿងចាំបាច់ និងគួរតែធ្វើឱ្យវាក្លាយជាកាតព្វកិច្ចមួយ។

គួរបញ្ជាក់ថា បេឡារុសនៅក្រោមការដឹកនាំរបស់លោក លូកាសិនកូ គឺជាសម្ព័ន្ធមិត្តមួយរបស់លោក ពូទីន និងដែលបានអនុញ្ញាតឱ្យកងទ័ពរុស្ស៉ីប្រើប្រាស់ទឹកដីបេឡារុស សម្រាប់បើកការឈ្លានពានលើអ៊ុយក្រែនកាលពីឆ្នាំ២០២២។ ដូច្នេះហើយ ទើបមានការសង្ស័យថាបេឡារុសអាចនឹងចូលរួមជាមួយរុស្ស៉ី នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ តែ ជារឿយៗ លោក លូកាសិនកូ បានអះអាងថាបេឡារុសមិនមានបំណងលូកដៃក្នុងសង្រ្គាមនោះទេ ប៉ុន្តែព្រមានថាប្រទេសរបស់លោក នឹងចាត់វិធានការឆ្លើយតបទៅនឹង ការឈ្លានពានណាមួយ៕