(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យយោធារបស់លោកពង្រឹងសមត្ថភាពរារាំងសង្រ្គាម ដើម្បីទប់ទល់នឹងអ្វីដែលលោកហៅថា ជាសកម្មភាពឈ្លានពានរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣។​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថាលោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់ខាងលើនៅឯកិច្ចប្រជុំមួយនៃគណៈកម្មការយោធាមជ្ឈិម កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបានពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរារាំងសង្រ្គាមរបស់កូរ៉េខាងជើង សំដៅប្រឈមមុខដោះស្រាយជាមួយ សកម្មភាពបង្កហេតុរបស់ចក្រពត្តិអាមេរិក និងអាយ៉ងជនក្បត់កូរ៉េខាងត្បូង ដើម្បីបង្កសង្រ្គាមឈ្លានពាន។ KCNA បន្ថែមថានៅក្នុងកិច្ចប្រជុំនោះ ក៏មានការជជែក គ្នាផងដែរអំពីការត្រៀមលក្ខណៈ និងការប្រើប្រាស់វិធានការគ្រប់ជម្រើសទាំងអស់ប្រឆាំងនឹងសត្រូវ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាន និងកំពុងដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ និទាឃរដូវចាប់តាំងពីខែមីនាមកម្ល៉េះ ក្នុងនោះ រួមមានទាំងការធ្វើសមយុទ្ធអាកាស និងជើងទឹក ដោយមានការចូលរួមពីនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក យន្ដហោះទម្លាក់គ្រាប់បែក B-1B និង B-52។ ជាការឆ្លើយតប កូរ៉េខាងជើងក៏បានដឹកនាំការធ្វើសមយុទ្ធយោធាផងដែរ ក្នុងនោះមានទាំងការធ្វើតេស្ដដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹក និងបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM៕