(វ៉ាស៊ីនតោន)៖ បែកធ្លាយ ឬត្រូវគេ Hack? ជាព័ត៌មានពិត ឬជាព័ត៌មានក្លែងក្លាយ? ជាជោគជ័យសម្រាប់រុស្ស៉ី ឬក៏ជាផែនការមួយរបស់សហរដ្ឋអាមេរិក? ទាំងនេះគឺជាសំណួរកំពុងត្រូវបានចោទសួរជុំវិញ «ឯកសារសម្ងាត់យោធា» របស់មន្ទីរបញ្ចកោណ ដែលចរាចរនៅលើបណ្ដាញទំនាក់ទំនងសង្គម នារយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ។ ឯកសារសម្ងាត់ទាំងនោះមាននិយាយពីប្រធានបទរសើបៗជាច្រើន រាប់ចាប់ពីការវាយតម្លៃរបស់ទីក្រុងវ៉ាស៊ីនតោន លើសង្រ្គាមនៅ អ៊ុយក្រែន រហូតដល់ការស៊ើបការណ៍សម្ងាត់លើប្រទេសជាគូសត្រូវ និងសម្ព័ន្ធមិត្តខ្លួនឯង។

ខាងក្រោមនេះជាចំណុចសំខាន់ៗគួរដឹងពីឯកសារសម្ងាត់ទាំងនោះ?

* តើមានអ្វីខ្លះនៅក្នុងឯកសារសម្ងាត់?
ក្រុមមន្ត្រីអាមេរិកបាននិយាយថាឯកសារសម្ងាត់មួយផ្នែកធំគឺជាឯកសារពិត មានបោះត្រាពាក្យជាភាសាអង់គ្លេសថា «secret»។ ការិយាល័យស៊ើបអង្កេត សហព័ន្ធ FBI កំពុងស៊ើបអង្កេតដើម្បីកំណត់ពីប្រភពដើមនៃឯកសារសម្ងាត់ ដែលក្រុមមន្ត្រីអាមេរិកជឿថាត្រូវបានបែកធ្លាយ ជាជាងត្រូវបានគេ​ Hack។ បើតាមសារព័ត៌មាន New York Times និងប្រព័ន្ធផ្សព្វផ្សាយអាមេរិកធំៗដទៃ ឯកសារសម្ងាត់ដែលបែកធ្លាយផ្ដោតជាសំខាន់លើការវាយតម្លៃរបស់ សហរដ្ឋអាមេរិកលើសង្រ្គាមនៅអ៊ុយក្រែន ចុះកាលបរិច្ឆេទកាលពីខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៣ ក្នុងនោះរួមមានទាំងការវាយតម្លៃពីចំនួនកងទ័ពស្លាប់ និងរបួសទាំងសងខាង ព្រមទាំងថាតើអាវុធ និងគ្រាប់រំសេវប្រភេទណាដែលអ៊ុយក្រែននឹងស្នើសុំនៅពេលអនាគត។

ក៏ប៉ុន្តែ មានចំណុចមួយគួរឱ្យសង្ស័យ នោះគឺនៅក្នុងចំណោមឯកសារសម្ងាត់ មានឯកសារមួយទំនងជាត្រូវបានគេកែប្រែ នៅត្រង់ចំណុចនិយាយថាចំនួន ទាហានរុស្ស៉ីស្លាប់ និងរងរបួសក្នុងសង្រ្គាម មានតិចតួចជាងការវាយតម្លៃរបស់មន្ទីរបញ្ចកោណ នាពេលកន្លងមក។ ឯកសារសម្ងាត់បង្ហាញទៀតថា សហរដ្ឋអាមេរិក បានធ្វើចារកម្ម និងប្រមូលព័ត៌មានសម្ងាត់ពីសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនឯង ដូចជាកូរ៉េខាងត្បូង អ៉ីស្រាអែល និងអ៊ុយក្រែន រួមទាំង ការស៊ើបការណ៍សម្ងាត់លើរដ្ឋាភិបាលរុស្ស៉ី ខណៈចិន និងកាណាដាក៏មានឈ្មោះនៅក្នុងឯកសារសម្ងាត់បែកធ្លាយដែរ។

នៅក្នុងសារសម្ងាត់មាននិយាយដូចជា៖

Hacker មួយក្រុមស្ថិតនៅក្រោមបទបញ្ជាពីសេវាសន្តិសុខសហព័ន្ធរុស្ស៉ី ប្រហែលជាបានវាយប្រហារលើក្រុមហ៊ុនបំពង់ឧស្ម័នកាណាដាមួយ កាលពីខែកុម្ភៈ និងបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុននេះ។

មន្ទីរបញ្ចកោណ បានធ្វើការសន្និដ្ឋានថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអែល Mossad បានគាំទ្រ និងជំរុញលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួន ក៏ដូចជា ប្រជាជនអ៉ីស្រាអែល ឱ្យចូលរួមក្នុងបាតុកម្មប្រឆាំងនឹងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលបានបង្ក ការរំជើបរំជួលពាសពេញប្រទេសកាលពីខែមីនាកន្លងទៅ។

ក្រុមមន្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តសំខាន់មួយរបស់សហរដ្ឋអាមេរិក បានប្រឈមមុខនឹងការជ្រើសរើសដ៏លំបាករវាងការដាក់សម្ពាធពី សហរដ្ឋអាមេរិកឱ្យទីក្រុងសេអ៊ូល ផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន និងគោលនយោបាយរបស់ខ្លួនដែលមិនផ្ដល់អាវុធអាចសម្លាប់ជីវិតមនុស្ស ទៅកាន់ប្រទេសកំពុង មានជម្លោះ ភ្ជាប់ជាមួយការព្រួយបារម្ភថាសហរដ្ឋអាមេរិកអាចនឹងបង្វែរ អាវុធផលិតដោយកូរ៉េខាងត្បូង ទៅឱ្យទីក្រុងកៀវ។

យោធារុស្ស៉ីប្រហែលជាកំពុងបរាជ័យ តែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner ដឹកនាំដោយសម្ព័ន្ធមិត្តម្នាក់របស់លោក ពូទីន គឺលោក Yevgeny Prigozhin កំពុងរីកលូតលាស់នៅតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា។ ក្រុមហ៊ុន Wagner កំពុងធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍អាមេរិកនៅក្នុងតំបន់អាហ្វ្រិក ហើយបាន និងកំពុងស្វែរកបង្កើតសាខាថ្មីមួយនៅក្នុងប្រទេសហៃទី ស្ថិតនៅជិតបង្កើយនឹងសហរដ្ឋអាមេរិក។

ដើម្បីជាការត្រៀមលក្ខណៈប្រឈមមុខនឹងរថក្រោះទំនើបដែល​ NATO ផ្ដល់ឱ្យអ៊ុយក្រែន យោធារុស្ស៉ីបានត្រៀមប្រាក់រង្វាន់សម្រាប់កងទ័ពរបស់ខ្លួន ទាំងឡាយណាដែលអាចបង្កការខូចខាត និងកម្ទេចរថក្រោះលោកខាងលិចបាន។ ចំណែកឯ ឯកសារមួយក្នុងចំណោមឯកសារសម្ងាត់បានឱ្យដឹងពី ការវាយតម្លៃរបស់សហរដ្ឋអាមេរិកលើសេណារីយ៉ូដែលជំរុញឱ្យអ៉ីស្រាអែលផ្ដល់អាវុធឱ្យអ៊ុយក្រែន ព្រមទាំងការត្រៀមលក្ខណៈរបស់ក្រុមមន្ត្រីអាមេរិក ចំពោះ សេណារីយ៉ូអាក្រក់លើសមរភូមិនៅបាកមូត។

* តើឯកសារសម្ងាត់មានប្រភពដើមមកពីណា?
ឯកសារសម្ងាត់យោធារបស់សហរដ្ឋអាមេរិក ត្រូវគេបានបង្ហោះលើបណ្ដាញបណ្ដាញទំនាក់ទំនងសង្គមជាច្រើនដូចជា Twitter Telegram Youtube និង Apps មួយចំនួនដូចជា Minecraft ដែលជាកម្មវិធីផ្ញើសារដ៏មានប្រជាប្រិយភាពសម្រាប់អ្នកចូលចិត្តហ្គេមកុំព្យូទ័រ។ ដោយឡែក បើតាម​ New York Times ឯកសារសម្ងាត់ទាំងនោះភាគច្រើនទំនងជាត្រូវបានគេថតជារូបថតចេញពីឯកសារសម្ងាត់នៃមន្ទីរបញ្ចកោណ និងត្រូវបានគេបត់ជាផ្នត់ៗ មុននឹងថត។ នេះ មានន័យថាមាននរណាម្នាក់បានយកឯកសារសម្ងាត់ចេញពីកន្លែងដើមរបស់វា។ តែចុះបើមានអ្នកយកឯកសារនេះពិតមែន តើនរណាជាអ្នកធ្វើឱ្យបែកធ្លាយ ឯកសារនេះ? នេះជាសំណួរមួយមិនទាន់មានអ្នកអាចឆ្លើយបាននៅឡើយ ខណៈ FBI ក្រោមការដឹកនាំរបស់ក្រសួងយុត្តិធម៌អាមេរិកកំពុងបើកការ ស៊ើបអង្កេត។

* តើឯកសារសម្ងាត់និយាយអ្វីខ្លះពីអ៊ុយក្រែន?
ឯកសារសម្ងាត់ដែលបានបែកធ្លាយមិនបានបញ្ជាក់លម្អិតពីផែនការសង្រ្គាម ក្នុងនោះរួមមានទាំងប្រតិបត្តិការវាយបករបស់អ៊ុយក្រែនដែលគ្រោងនឹងធ្វើឡើង នៅប៉ុន្មានខែខាងមុខនេះនោះទេ។ ប៉ុន្តែ ឯកសារទាំងនោះបានរៀបរាប់ពីផែនការសម្ងាត់របស់សហរដ្ឋអាមេរិក និង​ NATO ក្នុងការពង្រឹងសមត្ថភាពយោធា អ៊ុយក្រែន នៅមុនបើកធ្វើប្រតិបត្តិការវាយបក ព្រមទាំងវាយតម្លៃដែរថាអ៊ុយក្រែនអាចនឹងអស់គ្រាប់រំសេវសម្រាប់ប្រព័ន្ធការពារដែនអាកាស នៅខែឧសភា ខាងមុខ ក្នុងករណីកងកម្លាំងអ៊ុយក្រែនប្រើប្រាស់វាក្នុងកម្រិតដូចសព្វថ្ងៃ។ ហើយការដួលរលំនៃប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន នឹងផ្ដល់ប្រយោជន៍យ៉ាង សម្បើមដល់រុស្ស៉ី ក្នុងការវាយប្រហារតាមផ្លូវអាកាសដែលអាចនឹងផ្លាស់ប្ដូរទិសដៅសង្គ្រាម។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអ៊ុយក្រែន បានចេញមុខច្រានចោលឯកសារសម្ងាត់ដែលបានបែកធ្លាយ និងចាត់ទុកថាវាគ្រាន់តែជាយុទ្ធនាការផ្សាយព័ត៌មានមិនពិត របស់រុស្ស៉ី ក្នុងចេតនាបង្កឧបសគ្គដល់ប្រតិបត្តិការវាយបករបស់ទីក្រុងកៀវតែប៉ុណ្ណោះ។ កូរ៉េខាងត្បូងវិញដែលមានឈ្មោះនៅក្នុងរបាយការណ៍សម្ងាត់អាមេរិក ដែរនោះ បាននិយាយថាខ្លួននឹងពិភាក្សាពីបញ្ហានេះជាសហរដ្ឋអាមេរិក រីឯអូស្រ្តាលីថាខ្លួននឹងស្វែងរកព័ត៌មានបន្ថែម ហើយអ៉ីស្រាអែលបានច្រានចោលថាជា ព័ត៌មានមិនពិត៕