(អ៊ីស្លាម៉ាបាដ)៖ មន្ត្រីមន្ទីរពេទ្យម្នាក់បាននិយាយថា មនុស្ស៤នាក់បានស្លាប់ និង ១៥នាក់ទៀតរងរបួស នៅក្នុងការបំផ្ទុះគ្រាប់បែកកែឆ្នាំមួយដែលសំដៅលើរថយន្តប៉ូលីស នៅក្នុងផ្សារមួយក្នុងទីក្រុង Quetta ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។
លោក Wasim Baig អ្នកនាំពាក្យរបស់មន្ទីរពេទ្យ Quetta បានសារព័ត៌មានថា «ចំនួនអ្នករបួសបានឡើងដល់១៥នាក់ និង៤នាក់បានស្លាប់»។ លោកបន្តថា ក្នុងចំណោមអ្នកស្លាប់ មានស្ត្រីម្នាក់ ចំណែកស្ត្រី២នាក់ទៀតរងរបួស។
មន្ត្រីប៉ូលីសជាន់ខ្ពស់របស់ប្រទេសបានគូសបញ្ជាក់ថា គោលដៅគឺជារថយន្តរបស់ប្រធានស្តីទីនៃអង្គភាពស៊ើបអង្កេតរបស់ប៉ូលីស ដែលត្រូវបានចតនៅក្នុងផ្សារ Kandahari ។
លោកបានបន្តថា របាយការណ៍ដំបូងបង្ហាញថា គ្រឿងបំផ្ទុះមួយត្រូវបានគេដាក់នៅក្នុងម៉ូតូដែលចតនៅពីក្រោយរថយន្ត។
លោកបានបន្ថែមថា ការស៊ើបអង្កេតបឋមបង្ហាញឱ្យឃើញពីការប្រើប្រាស់សារធាតុផ្ទុះពី៤ ទៅ ៥ គីឡូក្រាមលាក់ក្នុងម៉ូតូ ដោយការបញ្ជាពីចម្ងាយ។
គួរបញ្ជាក់ថា នេះជាការវាយប្រហារលើកទីពីរហើយ លើប៉ូលីសក្នុងរយៈពេលមិនដល់២៤ម៉ោងផង។ កាលពីល្ងាចថ្ងៃអាទិត្យ ក្រុមខ្មាន់កាំភ្លើងបានវាយប្រហារក្រុមប៉ូលីសក្នុងក្រុងដដែលនេះ ដោយបានសម្លាប់ប៉ូលីសពីរនាក់ និងម្នាក់ទៀតរងរបួស។ ខ្មាន់កាំភ្លើងម្នាក់ត្រូវបានសម្លាប់ដោយប៉ូលីស៕