(អ៊ីតាលី)៖ វេជ្ជបណ្ឌិតបាននិយាយនៅថ្ងៃចន្ទ (ថ្ងៃទី១០ ខែមេសា) នេះថា អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi ដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដែលមានជំងឺមហារីកឈាម និងជំងឺរលាកសួតកំពុងមានភាពប្រសើរឡើងបន្តិចម្តង ៗ ដោយបង្ហាញពី «សុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែង»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០​ ខែមេសា ឆ្នាំ២០២៣។

លោក Berlusconi ដែលជាមហាសេដ្ឋី និងជាឥស្សរជនដ៏សំខាន់នៅក្នុងនយោបាយអ៊ីតាលី បានសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យ San Raffaele នៃទីក្រុង Milan តាំងពីថ្ងៃពុធសប្តាហ៍មុន។

វេជ្ជបណ្ឌិតរបស់គាត់បាននិយាយនៅក្នុងព្រឹត្តិបត្រនៅថ្ងៃចន្ទនេះថា «រយៈពេល៤៨ម៉ោងកន្លងមកនេះ ឃើញថា មានភាពប្រសើរឡើងបន្តិចម្តងៗ និងជាលំដាប់នៅក្នុងមុខងារនៃសរីរាង្គដែលបានត្រួតពិនិត្យ»

វេជ្ជបណ្ឌិតបានបន្ថែមថា ការព្យាបាលកំពុងបង្កើត «លទ្ធផលរំពឹងទុកដែលអនុញ្ញាតឱ្យយើងបង្ហាញពីសុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែង»

ក្រុមវេជ្ជបណ្ឌិតបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា លោក Berlusconi កំពុងត្រូវបានព្យាបាលការឆ្លងមេរោគសួត និងជំងឺមហារីកឈាមរ៉ាំរ៉ៃ ដែលជាប្រភេទមហារីកឈាមដ៏កម្រដែលប៉ះពាល់ដល់មនុស្សចាស់។

គួរបញ្ជាក់ថា លោក Berlusconi ជាអតីតនាយករដ្ឋមន្ត្រីបីសម័យកាល ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភា និងជាមេដឹកនាំគណបក្សស្តាំនិយម Forza Italia មានបញ្ហាសុខភាពក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយកម្របង្ហាញមុខជាសាធារណៈណាស់៕