(មូស្គូ)៖ វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃចន្ទ (១០ មេសា) នេះថា គ្រប់រឿងដែលកើតឡើងតែងតែមានទំនោរទម្លាក់កំហុសលើរុស្ស៉ីទៅហើយ ដូច្នេះពុំមានន័យអ្វីក្នុងការបកស្រាយនោះទេ។ ការលើកឡើងបែបនេះនៅពេលដែលត្រូវបានសួរអំពីការចោទប្រកាន់ថា ទីក្រុងមូស្គូប្រហែលជានៅពីក្រោយការលេចធ្លាយឯកសារសម្ងាត់របស់សហរដ្ឋអាមេរិក អំពីប្រទេសមួយចំនួនរួមទាំងអ៊ុយក្រែនផងដែរឬយ៉ាងណា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទៅ១០ ខែមេសា ឆ្នាំ២០២៣។

មន្ត្រីអាមេរិកពីររូបបាននិយាយថា សន្តិសុខជាតិអាមេរិកកំពុងដោះស្រាយជាមួយនឹងផលប៉ះពាល់ នៃការចេញផ្សាយឯកសាររាប់សិបប្រភេទ រួមទាំងផលប៉ះពាល់លើការចែករំលែកព័ត៌មានរសើបនៅក្នុងរដ្ឋាភិបាល និងទំនាក់ទំនងជាមួយប្រទេសដទៃទៀត។

ឯកសារទាំងនោះត្រូវបានគេជឿជាក់ថា ជាឯកសាររបស់មន្ទីរបញ្ចកោណដែលមាន ព័ត៌មានសម្ងាត់ទាក់ទិននឹងអ៊ុយក្រែន ចិន តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក។ មិនតែប៉ុណ្ណោះ ឯកសារបែកធ្លាយក៏បានបង្ហាញដែរថាទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងស៊ើបការសម្ងាត់លើសម្ព័ន្ធមិត្ត របស់ខ្លួន ក្នុងនោះរួមមានអ៊ុយក្រែន កូរ៉េខាងត្បូង និងអ៉ីស្រាអែល រួមទាំងប្រទេសដែលជាគូសត្រូវទៀតផង។

អ្នកជំនាញផ្នែកសន្តិសុខជាតិមួយចំនួន និងមន្ត្រីអាមេរិកនិយាយថា ពួកគេសង្ស័យថាអ្នកបែកធ្លាយនោះជាជនជាតិអាមេរិក បើយោងតាមប្រធានបទដែលគ្របដណ្តប់នៅក្នុងឯកសារ ប៉ុន្តែពួកគេមិនបានច្រានចោលតួអង្គដែលគាំទ្ររុស្ស៊ីនោះទេ។

អតីតមន្ត្រី CIA បាននិយាយថា ទំនងជាទីក្រុងមូស្គូបានរៀបចំការលេចធ្លាយនេះ ដើម្បីសាបព្រួសភាពច្របូកច្របល់ និងការបែកបាក់ដែលអាចកើតមានរវាងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន។

នៅពេលសួរអំពីការចោទប្រកាន់ថា រុស្ស៊ីអាចនឹងទទួលខុសត្រូវ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយលើរឿងនេះតាមមធ្យោបាយណាមួយបានទេ។ អ្នកនិងខ្ញុំដឹងថា តាមពិតវាមានទំនោរក្នុងការស្តីបន្ទោសលើរុស្ស៊ីគ្រប់យ៉ាងទៅហើយ»