(មូស្គូ)៖ មេបញ្ជាការយោធារុស្ស៉ីម្នាក់បាននិយាយថា រុស្ស៉ីមានផែនការធ្វើកំណែទម្រង់កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីទទួលបានបទពិសោធថ្មី ក្នុងសង្រ្គាមនៅអ៊ុយក្រែន ហើយទន្ទឹមគ្នាទីក្រុងមូស្គូក៏នឹងពង្រឹងការការពារដែនអាកាស នៅក្បែរហ្វាំងឡង់ផងដែរ ក្រោយហ្វាំងឡង់ទើបក្លាយជា សមាជិកអង្គការណាតូ (NATO)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។
ចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក ការប្រយុទ្ធគ្នាបានប្រែក្លាយមកជា សង្រ្គាមបាញ់ផ្លោងដាក់គ្នាទៅវិញទៅមក ដោយប្រភេទអាវុធដែលត្រូវបានប្រើប្រាស់គឺជា យន្តហោះដ្រូនហើយនិងមីស៉ីល ជាហេតុនាំសមត្ថភាពការពារដែនអាកាស ទាំងនៅអ៊ុយក្រែនក៏ដូចជានៅរុស្ស៉ីផ្ទាល់ ត្រូវស្ថិតក្រោមការស្ទាបស្ទង់ធ្វើតេស្ត។
ក្នុងបទសម្ភាសមួយចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយសារព័ត៌មានរបស់ក្រសួងការពារជាតិរុស្ស៉ី ឧត្តមសេនីយ៍ឯកលោក អាន់ដ្រី ដេមីន (Andrei Demin) អគ្គមេបញ្ជាការរងនៃកងកម្លាំងដែនអាកាសរុស្ស៉ី បាននិយាយថា កងកម្លាំងការពារដែនអាកាស បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ចំពោះមុខការវាយប្រហារពីអ៊ុយក្រែន។
លោក ដេមីន បាននិយាយថា ការធ្វើកំណែទម្រង់ច្បាស់ណាស់ គឺកំពុងត្រូវបានគ្រោងឡើង ហើយនឹងត្រូវដាក់ឱ្យអនុវត្ត ខណៈគោលបំណងនៃការផ្លាស់ប្តូរនាពេលខាងមុខនេះ គឺដើម្បីអភិវឌ្ឍឱ្យកងកម្លាំងយោធារុស្ស៉ីមានភាពរីកចម្រើនជាងមុន ជាមួយគោលដៅជាពិសេស គឺធ្វើឱ្យសមត្ថភាពការពារដែនអាកាសរបស់ប្រទេសរុស្ស៉ី មានភាពប្រសើរឡើងជាងមុន។
គួរបញ្ជាក់ថា បើតាមឧត្តមសេនីយ៍រូបនេះ រុស្ស៉ីក៏ត្រៀមពង្រឹងការការពាររបស់ខ្លួន នៅតំបន់ព្រំដែនភាគពាយព្យប្រទេសផងដែរ ដោយស្របទៅតាមការកើនឡើង នៃកម្រិតគំរាមកំហែង ក្រោយហ្វាំងឡង់ដែលមានព្រំប្រទល់១,៣០០គីឡូម៉ែត្រជាប់រុស្ស៉ី បានក្លាយជាសមាជិកទី៣១ របស់បក្សសម្ព័ន្ធយោធាលោកខាងលិច NATO៕