(ប៉េកាំង)៖ កាលពីថ្ងៃទី៧ ខែមេសា លោក Emmanuel Macron ប្រធានាធិបតីបារាំងបានបង្ហោះសារជាភាសាចិន អង់គ្លេសនិងបារាំង តាមរយៈបណ្តាញទំនាក់ទំនងសង្គមក្នុងន័យចែករំលែក នូវដំណើរទស្សនកិច្ចនៅប្រទេសចិន របស់លោកដែលទើបបានបញ្ចប់។ នាថ្ងៃដដែលនោះ កាសែត «Financial Times» របស់អង់គ្លេសបានដកស្រង់ការលើកឡើង របស់អ្នកវិភាគដោយអះអាងថា "បើមើលពីរយៈពេលជាយូរ មិនថាការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាមួយប្រទេសចិនឬក៏ជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនក៏ដោយ ក៏ដំណើរទស្សនកិច្ចរបស់លោក Emmanuel Macron លើកនេះវាសុទ្ធតែមានសារៈសំខាន់ជាវិជ្ជមាន” ។

សូមបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចនៅប្រទេសចិនលើកទី ៣ របស់លោក Emmanuel Macron ចាប់តាំងពីលោកបានឡើងកាន់មុខតំណែង ជាប្រធានាធិបតីបារាំងមក ។ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមេសា លោកប្រធានរដ្ឋចិន Xi Jinping បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ និងប្រកបដោយគុណភាពខ្ពស់ជាមួយលោកនៅទីក្រុងប៉េកាំង និងក្រុងក្វាងចូវដែលបានបង្ហាញទិសដៅយ៉ាងច្បាស់លាស់ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនិងអន្តរជាតិរវាងចិន និងបារាំងនៅពេលខាងមុខ ។

ភាគីទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដែលមានខ្លឹមសារគ្របដណ្តប់លើវិស័យគ្រប់ផ្នែក ដូចជា ការបង្កើនកិច្ចសន្ទនាផ្នែកនយោបាយ ការរួមគ្នាជំរុញសន្តិសុខនិងស្ថិរភាពពិភពលោក ការជំរុញការផ្លាស់ប្តូរលើវិស័យសេដ្ឋកិច្ច ការចាប់ដំណើរការឡើងវិញនូវការផ្លាស់ប្តូរលើ វិស័យវប្បធម៌មនុស្សជាតិ ក៏ដូចជាការរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកលជាដើម ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងបារាំងទទួលបានសមិទ្ធផលថ្មីៗ ។

នាពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរ ចិននិងបារាំងសុទ្ធតែកំពុងប្រឈមនឹងការសាកល្បង នៃឯកតោភាគីនិយមនិងការពារនិយាម ក៏ដូចជាមានភារកិច្ចដូចគ្នាលើវិស័យការអភិវឌ្ឍសេដ្ឋកិច្ច និងធានាជីវភាពរស់នៅរបស់ប្រជាជន ហើយភាគីទាំងពីរក៏មានការយល់ឃើញ ប្រហាក់ប្រហែលគ្នាជាច្រើនអំពីបញ្ហាជា ចំណុចក្តៅក្នុងតំបន់និងអន្តរជាតិ ដូចជា ការដោះស្រាយវិបត្តិអ៊ុយក្រែន និងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ជាដើម ។ ដូច្នេះ ភាគីទាំងពីររក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី និងប្រមូលផ្តុំគំនិតឯកភាពរួមកាន់តែច្រើន ប្រការនេះមិនត្រឹមតែមានអំណោយផលដល់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងអឺរ៉ុប ក៏ដូចជាជំរុញសន្តិភាពនិងស្ថិរភាពពិភពលោកផងដែរ ។

បើមើលពីសមិទ្ធផលនៃកិច្ចសន្ទនារវាងប្រមុខរដ្ឋចិននិងបារាំងអាចឃើញថា ការចាប់ដំណើរការឡើងវិញនូវយន្តការសន្ទនា ជាចំណុចលេចធ្លោមួយ ។ ប្រការនេះនឹងមានអំណោយផលដល់ភាគីទាំងពីរ ក្នុងការអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមរបស់ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយប្រែគំនិតឱ្យក្លាយទៅជាសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការក្នុងពេលឆាប់ៗ ។ ប្រទេសបារាំងបានរំលឹកឡើងវិញនូវការប្រកាន់ ខ្ជាប់គោលនយោបាយប្រទេសចិនតែមួយ ដែលបានឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់ផ្នែកនយោបាយ ចំពោះគ្នារវាងភាគីទាំងពីរ ។

ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតនៃដំណើរទស្សនកិច្ច នៅប្រទេសចិនរបស់លោក Emmanuel Macron លើកនេះ ។ ប្រទេសចិនបាននិងកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការធ្វើទំនើបកម្មតាមបែបផែនចិន ប្រការនេះនឹងផ្តល់ឱកាសកាន់តែច្រើនដល់ប្រទេសនានា នៅលើពិភពលោកក្នុងនោះ ក៏បូករួមទាំងប្រទេសបារាំងផងដែរ ។

បច្ចុប្បន្ននេះ ក្នុងទំនាក់ទំនងជាមួយបរទេសរបស់បារាំងនិងអឺរ៉ុប វិបត្តិអ៊ុយក្រែនគឺជាបញ្ហាស្នូល ហើយរំពឹងទុកជំរុញដំណោះស្រាយវិបត្តិ តាមវិធីនយោបាយក្នុងពេលឆាប់ៗ ។ ចិនមិនមែនជាប្រទេសសាមីនៃវិបត្តិអ៊ុយក្រែនទេ ប៉ុន្តែចិនបានជំរុញការផ្សះផ្សានិងការចរចាសន្តិភាព យ៉ាងសកម្មជាប់រហូតមក ។ ខណៈពេលនេះ ប្រឈមមុខនឹងការយកចិត្តទុកដាក់របស់បារាំងនិងអឺរ៉ុប ចិនបានលើកឡើងពីវិធានការជាក់លាក់ ៥ ចំណុច ក្នុងនោះបូករួមទាំងការគាំទ្រភាគីអឺរ៉ុប ដើរតួនាទីក្នុងការដោះស្រាយវិបត្តិតាមវិធីនយោបាយ គោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់មនុស្សធម៌អន្តរជាតិ និងចាប់ដំណើរការឡើងវិញនូវការចរចាសន្តិភាព ក្នុងពេលឆាប់ៗជាដើម ។

លោក Emmanuel Macron ប្រធានាធិបតីបារាំងនិងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានសម្តែងថា "រីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីស្វែងរកមធ្យោបាយសម្រាប់ជំរុញការផ្សះផ្សានិងការចរចាសន្តិភាព" ។ ជឿជាក់ថា ក្រោមការណែនាំរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងបារាំងនឹងឡើងដល់កម្រិតថ្មីថែមទៀត ក៏ដូចជានាំមកនូវទិដ្ឋភាពថ្មីក្នុងការអភិវឌ្ឍនៃទំនាក់ទំនង រវាងចិននិងអឺរ៉ុបផងដែរ ៕

វិទ្យុមិត្តភាពកម្ពុជាចិន