(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos) នៅថ្ងៃចន្ទនេះបាននិយាយថា ប្រទេសហ្វីលីពីននឹងមិនអនុញ្ញាតឲ្យមាន «សកម្មភាពវាយលុកណាមួយ» ចេញពីមូលដ្ឋានដែលខ្លួនបានបើកឱ្យ កងទ័ពអាមេរិកប្រើប្រាស់នោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។

លោក ម៉ាកូស បានគូសបញ្ជាក់ថា «ប្រតិកម្មរបស់ចិនជុំវិញកិច្ចព្រមព្រៀងយោធា ដែលបានពង្រីករវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៉ីនតោន គឺមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ហើយហ្វីលីពីនកំពុងតែបង្កើនការការពារទឹកដីរបស់ខ្លួនប៉ុណ្ណោះ»។ លោក ម៉ាកូស បានបន្ថែមថា «យើងនឹងមិនអនុញ្ញាតឲ្យមានការយកមូលដ្ឋានរបស់យើង មកបម្រើសកម្មភាពវាយលុកណាមួយឡើយ។ នេះគ្រាន់តែមានគោលបំណង ជួយហ្វីលីពីនគ្រប់ពេល ដែលយើងត្រូវការជំនួយប៉ុណ្ណោះ។ បើគ្មានអ្នកណាវាយមកលើយើងមុនទេ គេមិនចាំបាច់បារម្ភទេ ព្រោះយើងនឹងមិនវាយពួកគេឡើយ»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ហ្វីលីពីនបានប្រកាសអំពីទីតាំងនៃមូលដ្ឋានយោធាចំនួន ៤ថ្មី ដែលអនុញ្ញាតឲ្យយោធាសហរដ្ឋអាមេរិក ចូលប្រើប្រាស់បាន បន្ថែមពីលើទីតាំងចំនួន ៥ដែលមានស្រាប់ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិឆ្នាំ២០១៤ ឬ EDCA។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឲ្យទាហានអាមេរិក ដឹកជញ្ជូន រក្សាទុកសម្ភារសម្រាប់ការផ្គត់ផ្គង់ចាំបាច់ណាមួយ។

កាលពីសប្តាហ៍មុនប្រទេសចិនក៏បានព្រមានដែរថា ការពង្រីកកិច្ចព្រមព្រៀងយោធានេះអាចបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់ ហើយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនអំពីការរៀបចំទុកជាមុន។ មូលដ្ឋានបន្ថែមទាំង ៤នោះរួមមានទីតាំងស្ថិតនៅក្បែរតំបន់មានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង និងមួយទៀតមិនឆ្ងាយប៉ុន្មានពីកោះតៃវ៉ាន់៕