(តៃប៉ិ)៖ នៅថ្ងៃចន្ទនេះ ចិនបានចេញសារព្រមានចំពោះតៃវ៉ាន់ថា សុខសន្តិភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយនិងឯករាជ្យភាពសម្រាប់​ដែនកោះនេះ គឺជារឿងមានមួយអត់មួយ ស្របពេលដែលទីក្រុងប៉េកាំងកំពុងដំឡើងសាច់ដុំ តាមរយៈការធ្វើសមយុទ្ធយោធារយៈពេល ៣ថ្ងៃមកហើយ នៅជុំវិញកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បាននិយាយក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅទីក្រុងប៉េកាំង យ៉ាងដូច្នេះថា «ឯករាជ្យភាពសម្រាប់កោះតៃវ៉ាន់ និងសន្តិភាពក៏ដូចជាស្ថិរភាពរបស់ច្រកសមុទ្រតៃវ៉ាន់ ជារឿងដែលត្រូវមានមួយអត់មួយ។ ប្រសិនបើពួកយើងចង់រក្សាការពារសន្តិភាពនិងស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ យើងចាំបាច់ត្រូវតែប្រឆាំងយ៉ាងមុតមាត់ ចំពោះចលនាចង់​បំបែករដ្ឋដើម្បីឯករាជ្យនៅតៃវ៉ាន់ ទោះក្នុងទម្រង់ណាមួយក៏ដោយ»

គួរបញ្ជាក់ថា ចិនបានចាប់ផ្តើមការធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដើម្បីជាការព្រមានធ្ងន់មួយដល់តៃវ៉ាន់ បន្ទាប់ពីមេដឹកនាំដែនកោះនេះ គឺលោកស្រី សៃ អ៉ីងវិន បានជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាកខាធី នៅ​រដ្ឋកាលីហ្វរញ៉ា។ កំលុងការធ្វើសមយុទ្ធ កងកម្លាំងយោធាចិន បានហាត់សមវាយប្រហារលើ គោលដៅសំខាន់ៗនៅតៃវ៉ាន់ ព្រមទាំង​ហ្វឹកហាត់ឡោមព័ទ្ធកោះនេះ។ ទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ប្រទេសចិន ហើយមិនដែលបោះបង់ចោលជម្រើសប្រើ​កម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញនោះឡើយ៕