(តៃលអាវីវ)៖ ក្រសួងការពារជាតិអ៉ីស្រាអែលនៅថ្ងៃចន្ទនេះ បានឱ្យដឹងថា អ៉ីស្រាអែលបានចុះកិច្ចព្រមព្រៀងតម្លៃ៤០០លានដុល្លារ ដើម្បីលក់មីស៉ីលប្រឆាំងរថក្រោះ Spike ឱ្យទៅប្រទេសក្រិក ក្រោយទើបសម្រេចបានកិច្ចព្រមព្រៀងក្នុងទំហំប្រហាក់ប្រហែលគ្នា ដើម្បីផ្តល់ប្រព័ន្ធការពារដែនអាកាសដល់ហ្វាំងឡង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។

មីស៉ីលប្រឆាំងរថក្រោះខាងលើ ត្រូវបានប្រើប្រាស់ដោយប្រទេសជាច្រើន ដែលជាសមាជិកសហភាពអឺរ៉ុប (EU) ក៏ដូចជាសមាជិកអង្គការណាតូ (NATO) ខណៈអាវុធនេះគឺជា ផលិតផលរបស់ក្រុមហ៊ុនការពារជាតិអ៉ីស្រាអែល រ៉ាហ្វាអែល (Rafael) ដែលជាកម្មសិទ្ធរបស់រដ្ឋ។ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល បាននិយាយថា កិច្ចព្រមព្រៀងលក់មីស៉ីលនេះ នឹងជួយធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំ ខណៈ CEO របស់ក្រុមហ៊ុន Rafael បានលើកឡើងថា មីស៉ីល Spike នឹងពង្រីកជម្រើសឧបករណ៍ធ្វើប្រតិបត្តិការ របស់យោធាក្រិក។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អ៉ីស្រាអែលនិងក្រុមហ៊ុន Rafael បានប្រកាសថា ពួកគេនឹងផ្តត់ផ្គង់ប្រព័ន្ធការពារដែនអាកាសដ៏ទំនើប ហៅថា David's Sling ដល់ហ្វាំងឡង់ បន្ទាប់ពីប្រទេសអឺរ៉ុបខាងជើងមួយនេះ ទើបតែបានក្លាយជាសមាជិក NATO ជាផ្លូវការកាលពីថ្ងៃទី៤ ខែមេសា។ ហ្វាំងឡង់នឹងទទួលបានប្រព័ន្ធការពារដែនអាកាសនេះ ដែលរចនាឡើងដើម្បីបាញ់ស្ទាក់មីស៉ីលបាលិស្ទីគ និងមីស៉ីលគ្រូស ជាដើម ក្រោមកិច្ចព្រមព្រៀងតម្លៃ៣៤៥លានដុល្លារ។ យ៉ាងណាក្តី វាតម្រូវឱ្យមានការយល់ព្រមមួយតង់ទៀត ពីសហរដ្ឋអាមេរិក ដែលជាភាគីជាប់​ពាក់ព័ន្ធក្នុងដំណើរការអភិវឌ្ឍប្រព័ន្ធនេះ៕