(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន និងចិន បានជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាលើការព្រួយបារម្ភអំពីដែនសមុទ្រ នៅក្នុងដែនទឹកដែលមានជម្លោះសមុទ្រចិនខាងកើត ខណៈដែលទីក្រុងប៉េកាំង កំពុងធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។

មុនពេលចាប់ផ្តើមកិច្ចពិភាក្សានេះ លោក ហុង លាំង (Hong Liang) ប្រធានគណៈប្រតិភូចិន បាននិយាយថា លោកកំពុងស្វែងរកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែនសមុទ្រ ជាមួយប្រទេសជប៉ុន ហើយរំពឹងថានឹងមាន «ការសន្ទនាស៊ីជម្រៅ» ជាមួយសមភាគីរបស់លោក។ ដោយឡែក មន្រ្តីនាំពាក្យជាន់ខ្ពស់មួយរូបរបស់រដ្ឋាភិបាលជប៉ុន និយាយថាជប៉ុនកំពុងតាមដាន សមយុទ្ធយោធារបស់ចិនជុំវិញកោះតៃវ៉ាន់យ៉ាងជាប់លាប់ និងយកចិត្តទុកដាក់។

ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្សុ ម៉ាស៊ូណូ (Hirokazu Matsuno) បានគូសបញ្ជាក់ប្រាប់ អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «សារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ មិនត្រឹមចំពោះសន្តិសុខរបស់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ស្ថិរភាពនៃសហគមន៍អន្តរជាតិទាំងមូលផងដែរ»

គួរបញ្ជាក់ថា កិច្ចពិភាក្សានេះដឹកនាំដោយ លោក ហុង ដែលជាអគ្គនាយកកិច្ចការព្រំដែន និងមហាសមុទ្រនៃក្រសួងការបរទេសចិន ខណៈភាគីជប៉ុនដឹកនាំដោយ លោក តាកេហ៉ីរ៉ូ ហ្វ៊ូណាកូស៉ិ (Takehiro Funakoshi) អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី និងមហាសមទ្រ។ វាជាផ្នែកមួយនៃកិច្ចចរចាទៀងទាត់រវាងចិន-ជប៉ុន ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១២ ហើយកើតមានឡើង នៅពេលដែលយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន ធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីមានជំនួបនៃមេដឹនាំ លោកស្រី សៃ អ៉ីងវិន និងប្រធានសភាតំណារាស្រ្តអាមេរិក លោក ខេវីន ម៉ាកខេធី ក្នុងឱកាសឈប់សំចតនៅលើទឹកដីសហរដ្ឋអាមេរិក៕