(តូក្យូ)៖ នៅថ្ងៃចន្ទនេះ ជប៉ុនបានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្លួនបានចល័តយន្តហោះចម្បាំងឡើងទៅលើផ្ទៃអាកាស ខណៈដែលក្រុមយន្តហោះចម្បាំងចិនបានធ្វើសកម្មភាពចុះចត និងហោះឡើងចេញពីនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿង ដែលត្រូវបានបញ្ជូនមកកាន់ ដែនសមុទ្រក្បែរភាគខាងត្បូងជប៉ុន ហើយនិងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។
នាវាផ្ទុកយន្តហោះចម្បាំងចិន សានទុង (Shandong) បាននិងកំពុងធ្វើសកម្មភាព ក្នុងដែនទឹកភាគអាគ្នេយ៍កោះតៃវ៉ាន់ ដែលជាផ្នែកនៃចំណាត់ការឆ្លើយតបរបស់ចិន ចំពោះជំនួបរវាងមេដឹកនាំដែនកោះនេះ និងប្រធានសភាតំណាងរាស្រ្តអាមេរិក នៅរដ្ឋកាលីហ្វរញ៉ា កាលពីពេលថ្មីៗនេះ។ យោធាជប៉ុនបាននិយាយថា ខ្លួនបានតាមដាននាវា សានទុង រួមជាមួយនាវាយោធាអមដំណើរមួយចំនួនទៀត នៅក្នុងតំបន់ដែលស្ថិតនៅភាគខាងត្បូងកោះមីយ៉ាកុ (Miyako) របស់ប្រទេសជប៉ុន ចាប់តាំងតែពីថ្ងៃសុក្រសប្តាហ៍មុន។
គួរបញ្ជាក់ថា យោងតាមការអះអាងរបស់ទីក្រុងតូក្យូ មកទល់ពេលនេះ មានការចុះចតនិងហោះឡើងសរុបប្រហែល១២០ជើង នៅលើនាវាផ្ទុកយន្តហោះ សានទុង ដែលក្នុងនោះ៨០ជើង ត្រូវបានធ្វើឡើងដោយយន្តហោះចម្បាំង និង៤០ជើងធ្វើឡើងដោយឧទ្ធម្ភាគចក្រ។ កងស្វ័យការពារជើងទឹកជប៉ុន បានចល័តនាវា២ក្រុមឱ្យតាមឃ្លាំមើល ក្រុមនាវារបស់ចិន ខណៈកងស្វ័យការពារអាកាសជប៉ុន បានចល័តក្រុមយន្តហោះចម្បាំងរបស់ខ្លួន ឡើងទៅលើផ្ទៃមេឃ ដើម្បីឆ្លើយតបចំពោះសកម្មភាពហោះហើរនិងចុះចត នៃក្រុមយន្តហោះចម្បាំង របស់នាវា សានទុង៕