(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅបាននិយាយថា ទីក្រុងសេអ៊ូល បានដឹងអំពីរបាយការណ៍ព័ត៌មានដែលលើកឡើងនូវការបែកធ្លាយឯកសារយោធាអាមេរិកមួយចំនួន ហើយគ្រោងនឹងពិភាក្សាបញ្ហានេះជាមួយសមភាគីសហរដ្ឋអាមេរិក។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។

បើតាមសេចក្តីរាយការណ៍កាលពីថ្ងៃអាទិត្យចុងសប្តាហ៍របស់កាសែត New York Times ឯកសារសម្ងាត់ដែលបែកធ្លាយនោះមានព័ត៌មានលម្អិតអំពីការពិភាក្សាផ្ទៃក្នុង ក្នុងចំណោមមន្ត្រីកំពូលរបស់កូរ៉េខាងត្បូង ជុំវិញការដាក់សម្ពាធរបស់សហរដ្ឋអាមេរិកលើសម្ព័ន្ធមិត្តជិតស្និទ្ធ ឲ្យជួយផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន និងគោលនយោបាយរបស់ខ្លួនក្នុងការមិនធ្វើដូច្នេះ។ កន្លងមក កូរ៉េខាងត្បូងយល់ព្រមលក់គ្រាប់កាំភ្លើងធំ ដើម្បីជួយសហរដ្ឋអាមេរិកបំពេញឃ្លាំងរបស់ខ្លួនទុកសម្រាប់ប្រើប្រាស់ ប៉ុន្តែបើតាមប្រភពផ្ទៃក្នុង មន្ត្រីកំពូលកូរ៉េខាងត្បូងមានការព្រួយបារម្ភថា អាមេរិកនឹងបង្វែរគ្រាប់កាំភ្លើងទាំងនោះទៅឲ្យអ៊ុយក្រែន។

យ៉ាងនេះក្តី មន្ត្រីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បានបដិសេធមិនឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការធ្វើចារកម្មរបស់អាមេរិក ឬបញ្ជាក់ពីព័ត៌មានលម្អិតណាមួយជុំវិញឯកសារបែកធ្លាយនេះទេ។ ប៉ុន្តែនៅពេលសួរថាតើកូរ៉េខាងត្បូងមានគម្រោងដាក់ការតវ៉ា ឬទាមទារការពន្យល់ពីសហរដ្ឋអាមេរិកនោះទេ? មន្ត្រីដែលសុំមិនបញ្ចេញអត្តសញ្ញាណរូបនេះ គ្រាន់តែនិយាយថា រដ្ឋាភិបាលនឹងពិនិត្យមើលឡើងវិញនូវគំរូសកម្មភាព និងករណីដែលពាក់ព័ន្ធនឹងប្រទេសដទៃទៀតប៉ុណ្ណោះ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ ស្តីពីផ្តល់រថក្រោះ យន្តហោះ និងសព្វាវុធរាប់រយគ្រឿងដល់ប្រទេសប៉ូឡូញជាសមាជិកណាតូ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែលោកប្រធានាធិបតី យូន ស៊ុកយុល ធ្លាប់បញ្ជាក់ថា ច្បាប់របស់កូរ៉េខាងត្បូងដែលហាមឃាត់ការផ្គត់ផ្គង់អាវុធដល់ប្រទេសកំពុងមានជម្លោះ ធ្វើឲ្យពិបាកក្នុងការបញ្ជូនអាវុធទៅអ៊ុយក្រែន៕