(ប៉េកាំង)៖ ចិន នៅថ្ងៃចន្ទនេះ បានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតថ្ងៃទី៣ នៅក្បែរកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន លើ ទឹកដីសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។

កាលពីថ្ងៃអាទិត្យម្សិលមិញ យន្ដហោះចម្បាំងចិន និងនាវាចម្បាំងចិនបានដឹកនាំការធ្វើសមយុទ្ធយោធាហាត់សមវាយប្រហារលើតៃវ៉ាន់។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃចន្ទនេះ យន្ដហោះចម្បាំងចិន ៧០គ្រឿង និងនាវាចម្បាំង១១គ្រឿង បានធ្វើសកម្មភាពយោធាក្បែរដែនកោះតៃវ៉ាន់ ហើយក្នុងនោះទៀតសោត មានយន្ដហោះចម្បាំង ៣៥គ្រឿង បានហោះឆ្លងកាត់ខ្សែ បន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ និងបានហោះចូលក្នុងតំបន់ដែនកំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន សមយុទ្ធយោធារយៈពេល៣ថ្ងៃ មានឈ្មោះថា ដាវរួម (Joint Sword) ដែលបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅមក មានគោលដៅ ហាត់សមពីការឡោមព័ទ្ធកោះតៃវ៉ាន់ និងផ្ដោតជាសំខាន់លើគោលដៅវាយប្រហារសំខាន់នៅលើកោះតៃវ៉ាន់ និងនៅជុំវិញដែនកោះមួយនេះដែលចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ចំណែកឯ សមយុទ្ធយោធានៅថ្ងៃចន្ទនេះដែរ ក្នុងនោះរួមបញ្ចូលទាំងការបាញ់គ្រាប់ពិត ​នឹងធ្វើឡើងនៅក្នុងខេត្តហ្វូជាន (Fujian) ស្ថិតនៅចម្ងាយ៨០គីឡូម៉ែត្រពីភាគខាងត្បូងនៃកោះ Matsu របស់តៃវ៉ាន់៕