(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងព្យាយាមស្វែងរក និងកំណត់អត្តសញ្ញាណប្រភពដែលជាអ្នកធ្វើ​ឱ្យបែកធ្លាយឯកសារសម្ងាត់កម្រិតខ្ពស់មួយចំនួន មានបង្ហាញពីព័ត៌មានរសើបៗពាក់ព័ន្ធ នឹងសម្ព័ន្ធមិត្តអាមេរិក រហូតដល់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។

មន្ទីរបញ្ចកោណ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាខ្លួនបានបញ្ជូនសំណើផ្លូវការមួយទៅកាន់ក្រសួងយុត្តិធម៌អាមេរិក ដើម្បីស្នើសុំឱ្យបើកការស៊ើប អង្កេតលើឯកសារដែលបានបែកធ្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គមនារ​យៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ឯកសារទាំងនោះត្រូវបានគេជឿជាក់ថាជាឯកសាររបស់មន្ទីរបញ្ចកោណដែលមាន ព័ត៌មានសម្ងាត់ទាក់ទិននឹងអ៊ុយក្រែន ចិន តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក។ មិនតែប៉ុណ្ណោះ ឯកសារបែកធ្លាយក៏បានបង្ហាញដែរថាទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងស៊ើបការសម្ងាត់លើសម្ព័ន្ធមិត្ត របស់ខ្លួន ក្នុងនោះរួមមានអ៊ុយក្រែន កូរ៉េខាងត្បូង និងអ៉ីស្រាអែល រួមទាំងប្រទេសដែលជាគូសត្រូវទៀតផង។

ដោយឡែក បើតាម Reuters នៅក្នុងចំណោមឯកសារសម្ងាត់ខាងលើ មានឯកសារខ្លះមានបោះត្រាពាក្យជាភាសាអង់គ្លេសថា «Secret» និងចុះកាលបរិច្ឆេទថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅ ដោយ មានរៀបរាប់ថាប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនអាចនឹងអស់គ្រាប់រំសេវនៅខែឧសភាខាងមុខ បើនៅតែធ្វើប្រតិបត្តិការក្នុងកម្រិតដូចសព្វថ្ងៃ។ ចំណែកឯ ឯកសារមួយផ្សេងទៀតវិញ បានអះអាងថា ទីភ្នាក់ងារស៊ើបការសម្ងាត់អ៉ីស្រាអែល Mossad បានលើកទឹកចិត្តដល់ក្រុមបាតុករប្រឆាំងនឹងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាន់មីន ណេតាន់យ៉ាហ៊ូ។ ក្រៅពីនេះ នៅក្នុងចំណោមឯកសារដែលបានបែកធ្លាយ មានឯកសារមួយទៀតនិយាយថាក្រុមមន្ត្រីកូរ៉េខាងត្បូងបានបើកកិច្ចពិភាក្សា ចំពោះមុខសម្ពាធពី សហរដ្ឋអាមេរិកឱ្យទីក្រុងសេអ៊ូល ផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ជាទង្វើបំពានលើគោលនយោបាយរបស់កូរ៉េខាងត្បូងដែលប្រឆាំងនឹងការនាំចេញអាវុធទៅកាន់ប្រទេសកំពុងមានជម្លោះ។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអ៊ុយក្រែន ការបែកធ្លាយឯកសារសម្ងាត់ខាងលើមានភាគច្រើនជាឯកសារមិនបានការ និងគ្រាន់តែជាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៉ីតែប៉ុណ្ណោះ ខណៈក្រុម មន្ត្រីអាមេរិក មិនបានបដិសេធការលើកឡើងបែបនេះទេ ដោយនិយាយថាវាអាចជាយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតចង់បំផ្លាញផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិក៕