(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសការវាយប្រហារតាមអាកាសរបស់រុស្ស៉ី ស្របពេលនៃការប្រារព្ធពិធីបុណ្យ Palm Sunday របស់អ្នកកាន់ សាសនាគ្រិស្ដនិកាយអូតូដុក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ រួមទាំងការវាយប្រហារមួយដែលបានផ្តាច់ជីវិតឪពុក និងកូនស្រី នៅក្នុងផ្ទះនៅឯទីក្រុងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia)។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។

យោធាអ៊ុយក្រែន បានរាយការណ៍ពីការបាញ់ផ្លោងរបស់រុស្ស៉ីនៅទូទាំងផ្នែកខ្សែត្រៀមជួរមុខ ដោយការប្រយុទ្ធគ្នាខ្លាំងបំផុតនៅតែផ្តោតលើទីក្រុងចំនួនពីរនៃ ភាគខាងកើតតំបន់ដូណេតគឺ បាកមូត (Bakhmut) និងអៅឌីវកា (Avdiivka)។ ទីភ្នាក់ងារសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន ក៏បានឲ្យដឹងដែរថា មានបុរសអាយុ ៥០ឆ្នាំម្នាក់ និងកូនស្រីរបស់គាត់អាយុ ១១ឆ្នាំត្រូវបាន សម្លាប់ បន្ទាប់ពីកងកម្លាំងរុស្ស៉ីវាយប្រហារអគារលំនៅដ្ឋានមួយកន្លែង ស្ថិតនៅភាគអាគ្នេយ៍ នៃទីក្រុងហ្សាប៉ូរីសហ្ស៉ីយ៉ា ខណៈស្ត្រីជាប្រពន្ធ និងម្តាយរបស់ជនរងគ្រោះ ត្រូវទាញពីក្រោមគំនរបាក់បែក។

លោក ហ្សេលេនស្គី បានគូសបញ្ជាក់ក្នុងសុន្ទរកថាជាវីដេអូ យ៉ាងដូច្នេះថា «នេះជារបៀបដែលរដ្ឋក្រុមភេរវករបានធ្វើក្នុងពេលមានពិធីបុណ្យ Palm Sunday។ វិធីនេះហើយដែលធ្វើឲ្យ រុស្ស៉ី ខ្លួនឯងកាន់តែឯកោ ចេញពីពិភពលោក។ ខ្ញុំសង្ឃឹមថា Palm Sunday នៅឆ្នាំក្រោយនឹងប្រព្រឹត្តទៅដោយសន្តិភាព និងសេរីភាពសម្រាប់ប្រជាជនរបស់យើងទាំងអស់គ្នា»

គួរបញ្ជាក់ថា ភាគច្រើននៃប្រជាជនអ៊ុយក្រែនសរុបចំនួន ៤១លាននាក់គឺជាអ្នកកាន់សាសាគ្រិស្ដនិកាយអូតូដុក ដែលបាននិងកំពុងប្រារព្ធពិធីបុណ្យ Easter ក្នុងរយៈពេលមួយសប្តាហ៍ ដោយគិតចាប់ពីពេលនេះតទៅ៕