(ម៉ាកសី)៖ អាជ្ញាធរនៅក្នុងប្រទេសបារាំង បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថាសាកសពមនុស្ស ២នាក់ ត្រូវបានរកឃើញនៅក្រោមគំនរអគារមួយដែលបានបាក់រលំ នៅក្នុងទីក្រុងម៉ាកសី (Marseille) បន្ទាប់ពីមានហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយ នាយករដ្ឋានពន្លត់អគ្គិភ័យបារាំង បានបញ្ជាក់ទៀតថាដោយសារតែមានឧបសគ្គមួយចំនួន ការទាញយកសាកសពចេញពីទីតាំងកើតហេតុ អាចនឹងត្រូវ ចំណាយពេលវេលា ហើយទើបមានការបញ្ជាក់អត្តសញ្ញាជនរងគ្រោះ។ ការរកឃើញសាកសពមនុស្ស ២នាក់ខាងលើ ធ្វើឡើងរយៈពេល២៤ម៉ោង នៅក្រោយពេលមានហេតុការណ៍ផ្ទុះ ដ៏ខ្លាំង មួយលើអគារមានកម្ពស់ ៤ជាន់ក្នុងទីក្រុងម៉ាសី រីឯក្រុមអ្នកជួយសង្រ្គោះកាលពីថ្ងៃអាទិត្យនោះដែរ បាននិយាយថាពួកគេកំពុងស្វែងរកមនុស្ស៨នាក់ដែលបានបាត់ខ្លួន និងសង្ស័យថា កំពុងជាប់នៅក្រោមគំនរបែកបាក់។

គួរបញ្ជាក់ថា មូលហេតុផ្ទុះបណ្ដាលឱ្យមានការបាក់រលំអគារ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយគ្រាន់តែមានសេចក្ដីរាយការណ៍បឋមថាការផ្ទុះបានបណ្ដាលឱ្យអគារចំនួន២ បាក់រលំ ហើយអគារទី៣ បាក់រលំមួយផ្នែក និងមនុស្សត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព៕