(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ពេលត្រឡប់មកពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅប្រទេសចិនវិញថា អឺរ៉ុបត្រូវតែកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើសហរដ្ឋអាមេរិក និងជៀសវាងការត្រូវបានទាញចូលទៅក្នុងការប្រឈមមុខដាក់គ្នារវាងចិន និងសហរដ្ឋអាមេរិកលើបញ្ហាកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣។
ថ្លែងជាមួយក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបានចំណាយពេលប្រហែល ៦ម៉ោងជាមួយប្រធានាធិបតីចិន លោក ម៉ាក្រុង បានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគោលគំនិត«យុទ្ធសាស្ត្រស្វ័យភាព» សម្រាប់អឺរ៉ុប ដើម្បីក្លាយជា «ប៉ូលមហាអំណាចទីបី»។
លោកបានសង្កត់ធ្ងន់ថា វាជារឿងដ៏គ្រោះថ្នាក់សម្រាប់អឺរ៉ុប ដែលត្រូវជាប់ផុងក្នុងវិបត្តិដែលមិនមែនជារបស់ខ្លួន ហើយវានឹងរារាំងទ្វីបនេះពីការកសាងស្វ័យភាពជាយុទ្ធសាស្រ្តរបស់ខ្លួន។
សម្រាប់ប្រធានាធិបតីបារាំងរូបនេះ ការដែលអឺរ៉ុបរវល់តែនឹងរឿងប្រកួតប្រជែងគ្នារវាងគូជម្លោះអាមេរិក និងចិន នោះទ្វីបនេះគ្មានពេល និងលទ្ធភាពគ្រប់គ្រាន់ដើម្បីជំរុញសម្រេចយុទ្ធសាស្ត្រស្វ័យភាពរបស់ខ្លួនទេ៕