(តេហេរ៉ង់)៖ មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) បានតេស្តសាកល្បងយន្តហោះដ្រូន kamikaze រយៈចម្ងាយឆ្ងាយមានភាពជាក់លាក់ខ្ពស់ និងមានបំពាក់ក្បាលគ្រាប់ទម្ងន់ ៥០គីឡូក្រាមដោយជោគជ័យនៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣។

លោក Ali Kouhestani ប្រធានអង្គភាពស្រាវជ្រាវ និងស្វ័យភាព Jihad នៃកងកម្លាំងមូលដ្ឋានរបស់ IRGC បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Tasnim ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។

លោក Kohistani បានពន្យល់ថា ដ្រូនដែលមានឈ្មោះថា «Mirage 532» មានរយៈចម្ងាយ ៤៥០គីឡូម៉ែត្រ និងអាចហោះហើរក្នុងរយៈកម្ពស់អតិបរមា ១២,០០០ហ្វីត ក្នុងរយៈពេល ៣ម៉ោងជាប់ៗគ្នា ដោយកត់សម្គាល់ថា ដ្រូននេះអាចវាយប្រហារគោលដៅដោយភាពត្រឹមត្រូវបំផុត។

លោក Kohestani បានបន្ថែមថា ដ្រូនអត្តឃាតនេះបំពាក់ដោយម៉ាស៊ីន piston ហើយអាចហោះចេញពីរថយន្តបាន។ មិនតែប៉ុណ្ណោះ ដ្រូននេះមានក្បាលគ្រាប់ទម្ងន់ ៥០គីឡូក្រាម ហើយអាចផ្គុំបានយ៉ាងងាយស្រួល និងត្រៀមខ្លួនជាស្រេចក្នុងការហោះហើរ ដែលធ្វើឱ្យវាស័ក្តិសមសម្រាប់ប្រតិបត្តិការឆ្លើយតបរហ័ស។

គួរបញ្ជាក់ថា អ៊ីរ៉ង់មានការរីកចម្រើនយ៉ាងខ្លាំងក្នុងវិស័យផលិតយន្តហោះដ្រូនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលមានសមត្ថភាពអាចបំពេញបេសកកម្មបានយ៉ាងទូលំទូលាយ៕