(ប៊ែកឡាំង)៖ ប៉ូលីស និងមន្ត្រីពន្លត់អគ្គីភ័យនៅទីក្រុង Hamburg របស់អាល្លឺម៉ង់បានព្រមានអ្នកស្រុក អំពីជាតិពុលដែលអាចកើតមាននៅក្នុងខ្យល់ បន្ទាប់ពីអគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកទុកជាច្រើន កាលពីព្រឹកថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យប៉ូលិសបាននិយាយថា មនុស្សប្រហែល ១៤០នាក់ត្រូវបានជម្លៀសចេញ ហើយនៅតែមិនអាចដឹងច្បាស់ថា តើស្ថានភាពនេះមានគ្រោះថ្នាក់ប៉ុណ្ណានោះទេ។

អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា​ ពួកគេ​បាន​បន្ថយ​កម្រិតនៃការ​គំរាមកំហែង​មួយ​ចំនួន​ ទោះបី​ជា​ភ្លើង​នៅ​តែ​ឆេះ​ទាំង​កណ្តាល​ថ្ងៃ​ក៏​ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ​គួរតែ​នៅ​ក្នុង​ផ្ទះ​ដោយ​បិទ​ទ្វារបង្អួច។

អាជ្ញាធរបាននិយាយថា អគ្គីភ័យបានឆាបឆេះនៅម៉ោងប្រហែល ៤ទៀបភ្លឺនៅក្នុងទីក្រុង Rothenburg-Sort ចម្ងាយតែប៉ុន្មានគីឡូម៉ែត្រភាគអាគ្នេយ៍ នៃទីក្រុង Hamburg ហើយថាពពកផ្សែងកំពុងធ្វើដំណើរឆ្ពោះទៅកណ្តាលទីក្រុង។

ប៉ូលីស អ្នកពន្លត់អគ្គីភ័យ និងបុគ្គលិកសង្គ្រោះបន្ទាន់ជាច្រើននាក់ មានវត្តមាននៅកន្លែងកើតហេតុ ខណៈដែលផ្សែងខ្មៅដ៏ក្រាស់គ្របដណ្តប់ពាសពេញមេឃ៕