(ឡុងដ៍)៖ ក្រុមសកម្មជនគាំទ្រប៉ាឡេស្ទីនបានធ្វើបាតុកម្មតវ៉ាជាបន្ទាន់ នៅខាងក្រៅស្ថានទូតអ៊ីស្រាអែលក្នុងរដ្ឋធានីឡុងដ៍ ប្រទេសអង់គ្លេសកាលពីថ្ងៃសៅរ៍ ដោយអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល ចំពោះអំពើហឹង្សានាពេលថ្មីៗនេះប្រឆាំងនឹងប៉ាឡេស្ទីននៅឯវិហារអ៊ីស្លាម Al-Aqsa ។ នេះបើយោងតាមការចេញផ្សាយដោយ​​​ ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣។

ប៉ូលិសអ៊ីស្រាអែលបានប៉ះទង្គិចគ្នាជាមួយជនជាតិប៉ាឡេស្ទីន នៅខាងក្នុងវិហារ Al-Aqsa នៃក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃពុធ ខណៈដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទាំងតំបន់ហ្គាហ្សា និងលីបង់ ក្នុងការឆ្លើយតបទៅនឹងការបាញ់រ៉ុក្កែតពីសំណាក់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន។

អង្គការ Friends of Al-Aqsa ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា «កាលពីយប់មិញ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សាស្ទ្រីប ដោយបំផ្លាញមន្ទីរពេទ្យកុមារ Al-Durra និងធ្វើឱ្យកុមារអាយុ ១២ឆ្នាំរងរបួស»។

អង្គការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើអ្នកថ្វាយបង្គំជនជាតិប៉ាឡេស្ទីននៅវិហារ Al-Aqsa កំពុងតែកើនឡើង ជាពិសេសក្នុងអំឡុងខែរ៉ាម៉ាឌន»។

លោកវេជ្ជបណ្ឌិត Ismail Patel ដែលជាប្រធាន និងជាស្ថាបនិកនៃសមាគមសេរីភាពសារព័ត៌មាន បាននិយាយថា «គ្រប់គ្រាន់គឺគ្រប់គ្រាន់ហើយ។ យើងមិនត្រូវការសេចក្តីថ្លែងការណ៍ ឬពាក្យថ្កោលទោសពីសមាជិកសភា និងមេដឹកនាំរបស់យើងទេ យើងត្រូវការការដាក់ទណ្ឌកម្មលើអ៊ីស្រាអែលឥឡូវនេះ»។

លោក Patel បានបន្តទៀតថា «វាដល់ពេលហើយដើម្បីឲ្យអ៊ីស្រាអែលទទួលខុសត្រូវ ចំពោះការវាយដំយ៉ាងឃោរឃៅម្តងហើយម្តងទៀតលើអ្នកថ្វាយបង្គំជនជាតិប៉ាឡេស្ទីន...ប្រសិនបើការវាយប្រហារទាំងនេះត្រូវបានធ្វើឡើងដោយប្រទេសណាមួយ ថ្ងៃនេះរដ្ឋាភិបាលអង់គ្លេសនឹងមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មទេ»៕