(ប៉េកាំង)៖ ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិគឺជាទស្សនវិជ្ជារបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានថ្លែងនៅក្នុងរដ្ឋធានីម៉ូស្គូកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយគូសរំលេចយ៉ាងប្រត្យក្សពីចំណុចទាំង៥ ដែលរួមមាន ទី១-ការកសាងពិភពលោកប្រកបដោយសុខសន្តិភាពយូរអង្វែង តាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់។ ទី២-ការកសាងពិភពលោកប្រកបដោយសន្តិសុខរួម សម្រាប់ទាំងអស់គ្នាតាមរយៈការខិតខំប្រឹងប្រែងរួមគ្នា។ ទី៣-ការកសាងពិភពលោកប្រកបដោយភាពរុងរឿងរួម តាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ទី៤-ការកសាងពិភពលោកប្រកបដោយភាពបើកចំហ និងបរិយាបន្នតាមរយៈការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមក និងទី៥-ការធ្វើឱ្យពិភពលោករបស់យើងស្អាតនិងស្រស់ ប្រកបដោយចីរភាពនៃការអភិវឌ្ឍគំរូពណ៌បៃតងនិងកាបូនទាប។

ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ មានអាយុកាល១០ឆ្នាំគិតមកដល់ឆ្នាំ២០២៣នេះ ហើយដែល ទស្សនវិជ្ជានេះបាននិងកំពុងក្លាយជាត្រីវិស័យ ប្រកបដោយនិយាមការវិទ្យាសាស្ត្រ ក្នុងការចង្អុលទិសដល់បណ្តាប្រទេសនានា ក្នុងពិភពលោករួមកម្លាំងធ្វើឱ្យពិភពលោកងាកទៅរក ភាពប្រាកដប្រជា ដើម្បីផ្តល់ថែរក្សាបាននូវសុខសន្តិភាព និងបន្តកំណើននៃការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងផ្តល់ក្តីសង្ឃឹមជូនយ៉ាងប្រាកដដល់ប្រជាជាតិទាំងអស់ ទទួលបាននូវអនាគតដ៏ត្រចះត្រចង់មួយចាកផុត ពីសោកនាដកម្មនាអតីតកាលដែលក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ បានបង្ហាញដោយឥតលាក់លៀមថា ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក មនុស្សជាតិបានឆ្លងកាត់សង្គ្រាម ដ៏ក្តៅគគុក ដាបទៅដោយឈាម ហើយនិងសង្គ្រាមត្រជាក់ដ៏គួរឲ្យភ័យខ្លាច។

នៅពាក់កណ្តាលសតវត្សរ៍ទីមួយ មនុស្សជាតិបានទទួលរងនូវទុក្ខទោសពីសង្គ្រាមលោកទាំងពីរ ហើយប្រជាជាតិទាំងអស់ចង់បាន នូវការបញ្ចប់សង្គ្រាមនិងទទួលបានសន្តិភាព។ នៅទសវត្សរ៍ឆ្នាំ១៩៥០ និងឆ្នាំ១៩៦០ ប្រជាជនដែលនៅក្រោមអាណានិគមបានភ្ញាក់ដឹងខ្លួន ហើយបានក្រោកឈរឡើងធ្វើការប្រយុទ្ធតទល់វា យកម្ទេចខ្នោះច្រវ៉ាក់ដែលដាក់ពួកគេ ហើយទទួលបានឯករាជ្យនៅទីបំផុត។ ចាប់តាំងពីការបិទបញ្ចប់សង្គ្រាមត្រជាក់ ប្រជាជាតិទាំងអស់បានខិតខំប្រឹងប្រែង សម្រេចនូវក្តីប្រាថ្នារួមមួយ គឺការពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសកល។

ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ជាការចងភ្ជាប់យ៉ាងណែននូវសន្តិភាពនិងការអភិវឌ្ឍ ដែលជាសេចក្តីប្រាថ្នាតែមួយគត់បង្កើតឡើងដោយ មនុស្សជាតិគ្រប់គ្នានៅក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក។ ដើម្បីសម្រេចនូវគោលដៅនេះ គំនិតផ្តួចផ្តើមទាំង៤ របស់ចិនរួមមាន ទី១-គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ ទី២-គំនិតផ្តួចផ្តើមអភិវឌ្ឍសកល។ ទី៣-គំនិតផ្តួចផ្តើមសន្តិសុខសកល និងទី៤-គំនិតផ្តួចផ្តើមអរិយធម៌សកលដែលជាច្រើន សហសវត្សរ៍កន្លងមកសុខសន្តិភាពបានដក់ជាប់ នៅក្នុងគ្រាប់ឈាមរបស់ជនជាតិចិន ហើយវាក៏ជាផ្នែកមួយនៃ DNA របស់ចិនផងដែរនោះបានក្លាយជាកម្លាំង ចលករដ៏សម្បើម ជាកាតាលីករដ៏ខ្លាំក្លាយ ជាយានដ៏ស្វិតស្វាញ និងជាមាគ៌ាល្បឿនលឿនដ៏មហិមាបន្តនាំមនុស្សជាតិ នៅក្នុងពិភពលោកឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុងនៃសន្តិភាពនិងការអភិវឌ្ឍ ស្របពេលដែលមនុស្សជាតិកំពុងស្ថិតនៅក្នុងយុគសម័យ នៃការអភិវឌ្ឍដ៏សំខាន់ នៃនិន្នាការឆ្ពោះទៅរកពហុប៉ូលនៃពិភពលោក និងសកលភាវូបនីយកម្មសេដ្ឋកិច្ចកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស។

ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ជាការចែករំលែកពោរពេញដោយវឌ្ឍនភាពតាមរយៈ ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាភាវូបនីយកម្ម នៅក្នុងការអភិវឌ្ឍសង្គម និងក្នុងការលើកកម្ពស់ពិពិធកមុ្មនៃវប្បធម៌ ស្របពេលដែលដំណាក់កាលថ្មីនៃបដិវត្តន៍ផ្នែកវិទ្យាសាស្រ្ត ឧស្សាហកម្ម និងនវានុត្តន៍កំពុងមានដំណើរការទៅមុខ។ ប្រទេសចិនបានជំរុញការកសាងសហគមន៍ជោគវាសនារួម សម្រាប់ការតភ្ជាប់គ្នានិងការអាស្រ័យលើគ្នាទៅវិញទៅមក រវាងប្រទេសនានាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរស់រានមានជីវិតរបស់ប្រជាជន ស្របពេលដែលពិភពលោកពហុប៉ូលបាននិងកំពុង បន្តនិន្នាការរបស់ខ្លួនដើម្បីឆ្ពោះទៅរកសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងការចែកផលប្រយោជន៍ឈ្នះ-ឈ្នះកាន់តែសន្ទុះខ្លាំងជាងណាៗទាំងអស់។

ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ជាពន្លឺដ៏ត្រចះត្រចង់នៃសន្តិភាពដែលនឹងបន្តពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីនាំប្រជាជាតិទាំងអស់រួមកម្លាំងគ្នាចូលរួមក្នុង ចរន្តនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការធានាឲ្យមានការរីកចម្រើនផ្នែកអរិយធម៌ ហើយដែលប្រទេសចិនតែងគាំទ្រជាប់ជានិច្ចដល់ ទស្សនវិជ្ជាប្រកបដោយគុណតម្លៃនៃការសម្រេចឲ្យបាន នូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍឈ្នះ-ឈ្នះ។ ទស្សនវិជ្ជានេះបាននិងកំពុងបង្ហាញផ្លូវ តាមរយៈសកម្មភាពនានារបស់ប្រទេសចិន ដែលមានលក្ខណៈទំនើបកម្មសង្គមនិយមតាមបែបផែនរបស់ខ្លួន ហើយទស្សនវិជ្ជានេះបានបង្កើតឲ្យមានជាសណ្តាប់ធ្នាប់អន្ដរជាតិ ប្រកបដោយសមភាពនិងសមធម៌ដែលជាគោលដៅរួម សម្រាប់មនុស្សជាតិតែងតែជម្នះចង់បាន។

ជារួមការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ជាទស្សនវិជ្ជាដែលមានសារៈសំខាន់នៃគោរពអធិបតេយ្យភាព និងសេចក្តីថ្លៃថ្នូររបស់ប្រទេសទាំងអស់ ហើយបន្តការលើកទឹកចិត្តនិងគាំទ្រដល់ប្រទេសទាំងអស់ ឱ្យដើរលើមាគ៌ានៃការអភិវឌ្ឍតាមបែបផែនរៀងៗខ្លួន ព្រមទាំងចូលរួមយ៉ាងសកម្មនៅក្នុងចរន្តសកល ដែលពោរពេញដោយការបើកចំហនិងបរិយាបន្ន និងលើកកម្ពស់ភាពជាដៃគូ សន្តិសុខ ការលូតលាស់ផ្នែកសេដ្ឋកិច្ច ការផ្លាស់ប្តូរនៃអន្តរអរិយធម៌ និងការកសាងអេកូឡូស៊ីដ៏រឹងមាំ ដោយជំរុញទស្សនវិជ្ជាដ៏ឧត្តុងឧត្តមនេះឱ្យសម្រេច បានតាមរយៈសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ ហើយសកម្មភាពទាំងនេះក៏នឹងជំរុញបុព្វហេតុ ដ៏មហិមាអស្ចារ្យនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិទាំងមូល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន