(តៃប៉ិ)៖ នាថ្ងៃអាទិត្យនេះ ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា ខ្លួនបានប្រទះឃើញយន្តហោះយោធាសរុប៥៨គ្រឿង និង​នាវាយោធាសរុប ៩គ្រឿងរបស់ចិន ធ្វើសកម្មភាពនៅក្បែរដែនកោះរបស់ខ្លួន ស្របពេលដែលទីក្រុងប៉េកាំងបន្តការធ្វើសមយុទ្ធយោធា ក្នុងថ្ងៃទី២។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ខ្លួនបាននិងកំពុងតាមដានសកម្មភាពយោធាចិន តាមរយៈប្រព័ន្ធឈ្លបការណ៍ និងឃ្លាំងមើលការណ៍សម្ងាត់រួម​មួយ ខណៈការយកចិត្តទុកដាក់ជាពិសេស គឺត្រូវបានផ្តោតទៅលើកងកម្លាំងគ្រាប់រ៉ុក្កែត នៃកងទ័ពរំដោះប្រជាជន ដែលទទួលបន្ទុក​ប្រព័ន្ធបាញ់មីស៉ីលប្រភេទចេញពីដីគោករបស់ប្រទេសចិន។ ចំណែកឯយន្តហោះយោធាជិត៦០គ្រឿង ដែលតៃវ៉ាន់បានប្រទះឃើញ គិតត្រឹមវេលារសៀលថ្ងៃអាទិត្យនេះ គឺរួមមានយន្តហោះចម្បាំង Su-30 និងយន្តហោះទម្លាក់គ្រាប់បែក H-6។

គួរបញ្ជាក់ថា ចិនបានបើកសមយុទ្ធយោធាមួយ មានរយៈពេល៣ថ្ងៃ ដែលចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានត្រឡប់មកពីទស្សនកិច្ចនៅសហរដ្ឋអាមេរិកវិញ ជាទីដែលលោកស្រីបានជួបជាមួយ ប្រធានសភាតំណាងរាស្រ្ត​របស់សហរដ្ឋអាមេរិក ដោយមិនខ្វល់ពីសារព្រមានរបស់ទីក្រុងប៉េកាំង។ ចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃដែនដីខ្លួន គឺមិនដែលបោះបង់ចោលជម្រើស បង្រួបបង្រួមគ្នាវិញជាមួយដែនកោះនេះ ដោយប្រើប្រាស់កម្លាំងយោធានោះឡើយ៕