(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា នៅថ្ងៃអាទិត្យនេះ ដែលជាថ្ងៃទី២ នៃការធ្វើសមយុទ្ធហៅថា ដាវរួម (Joint Sword) គឺ​យោធាចិនបានផ្តោតទៅលើ ការហាត់សមវាយប្រហារប្រឆាំងគោលដៅសំខាន់ៗ នៅកោះតៃវ៉ាន់ហើយនិងដែនទឹកជុំវិញនោះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣។

ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយថា កងទ័ពអាកាសចិន បានចល័តយន្តហោះយោធារាប់សិបគ្រឿង ឱ្យធ្វើដំណើរឆ្ពោះទៅរកតំបន់​ដែនអាកាសរបស់គោលដៅ ខណៈកងកម្លាំងជើងគោកបានហ្វឹកហាត់ សម្រាប់ការវាយប្រហារលើទីតាំងគោលដៅច្រើនក្នុងពេលព្រមគ្នា ហើយដោយភាពច្បាស់លាស់ខ្ពស់។ ខាងសហរដ្ឋអាមេរិក ដែលជាខ្នងបង្អែកធំបំផុតរបស់តៃវ៉ាន់ឯណោះវិញ បាននិយាយថា ខ្លួនកំពុងតែ​ឃ្លាំមើលសកម្មភាពរបស់យោធាចិន យ៉ាងដិតដល់ជាទីបំផុត។

គួរបញ្ជាក់ថា ចិនបានចាប់ផ្តើមសមយុទ្ធយោធាខាងលើ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី​ សៃ អ៉ីងវិន បានត្រឡប់មកពីបំពេញដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ នៅតំបន់អាមេរិកកណ្តាល រួមនិងសហរដ្ឋអាមេរិក ដែលជាទីលោកស្រី​បានជួបជាមួយ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាកខាធី។ ទីក្រុងប៉េកាំងដែលចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ប្រទេសចិន បានព្រមានយ៉ាងទទូចកុំឱ្យលោកស្រី សៃ ជួប លោក ម៉ាកខាធី៕