(តែលអាវីវ)៖ ក្រុមយន្តហោះចម្បាំងរបស់យោធាអ៉ីស្រាអែល បានធ្វើប្រតិបត្តិការវាយប្រហារទៅលើ គោលដៅយោធាក្នុងទឹកដីប្រទេសស៉ីរី នាថ្ងៃអាទិត្យនេះ ជាការឆ្លើយតបចំពោះការបាញ់គ្រាប់រ៉ុក្កែតចេញពីនោះ ឆ្ពោះមកក្នុងតំបន់ដែលគ្រប់គ្រងដោយអ៉ីស្រាអែល កាលពីវេលាយប់​ថ្ងៃសៅរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ស៉ីរីបានរាយការណ៍ អំពីបន្ទុះកើតមានឡើងនៅក្នុងបរិវេណរដ្ឋធានីដាម៉ាស ខណៈដែលអ៉ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារតាមផ្លូវអាកាស ទៅលើគោលដៅស្ថិតក្នុងទឹកដីនៃប្រទេសស៉ីរី បន្ទាប់ពីរ៉ុក្កែតចំនួន៦គ្រាប់ត្រូវបានបាញ់កាលពីវេលាយប់ សំដៅមករកតំបន់ហ្គោឡានហៃ (Golan Heights)។

បើតាមអ៉ីស្រាអែល ការវាយប្រហារតាមកាំភ្លើងធំនិងដ្រូនរបស់ខ្លួន បានកម្ទេចប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតទាំងនោះ ហើយបន្ទាប់មក ក៏បាន​បើកការវាយប្រហារតាមយន្តហោះចម្បាំងថែមទៀត ប្រឆាំងទៅលើបន្ទាយយោធាស៉ីរីមួយកន្លែង រួមជាមួយទីតាំងប្រព័ន្ធរ៉ាដារបស់យោធា ហើយនិងទីតាំងប្រព័ន្ធកាំភ្លើងធំ។ យោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនចាត់ទុកស៉ីរីជាអ្នកទទួលខុសត្រូវ សម្រាប់រាល់សកម្មភាពដែល​កើតឡើងនៅក្នុងទឹកដីរបស់ខ្លួន ហើយមិនអត់ឱនដាច់ខាត ចំពោះការប៉ុនប៉ងរំលោភបំពានលើអធិបតេយ្យរបស់អ៉ីស្រាអែល។

ខាងក្រសួងការពារជាតិស៉ីរីបានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានឆ្លើយតបចំពោះការវាយប្រហាររបស់អ៉ីស្រាអែល ហើយ​បាញ់ស្ទាក់បានមីស៉ីលអ៉ីស្រាអែលមួយចំនួន ខណៈពុំមានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ស្លាប់ឬបាត់បង់ជីវិតឡើយ ដោយមាន​តែការខូចខាតសម្ភារប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រ៉ុក្កែតជាង៣០គ្រាប់ ក៏ត្រូវបានបាញ់ចេញពីភាគខាងត្បូងប្រទេសលីបង់ ឆ្ពោះមកអ៉ីស្រាអែលផងដែរ ជាហេតុបង្កឱ្យមាន​ ការវាយប្រហារសងសឹកឆ្លងព្រំដែនពីសំណាក់អ៉ីស្រាអែលវិញ ទៅលើទីតាំងដែលមានជាប់ទាក់ទងនឹងចលនាក្រុមហាម៉ាស (Hamas) នៅលីបង់ហើយនិងតំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip)៕