(ញូដេលី)៖ សារព័ត៌មានក្នុងស្រុករបស់ឥណ្ឌា The Hindu បានរាយការណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា អនុរដ្ឋមន្រ្តីការបរទេសទី១ របស់អ៊ុយក្រែន នឹងស្នើសុំពីទីក្រុងញូដេលីកំលុងទស្សនកិច្ចរបស់លោកស្រី នូវជំនួយមនុស្សធម៌ ព្រមទាំងគ្រឿងបរិក្ខារសម្រាប់ជួសជុល ហេដ្ឋារចនាសម្ព័ន្ធថាមពល ដែល​បានទទួលរងការខូចខាត ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣។

ក្រសួងការបរទេសឥណ្ឌាបានឱ្យដឹងថា អនុរដ្ឋមន្រ្តីទី១នៃក្រសួងការបរទេសអ៊ុយក្រែន គឺលោកស្រី អេមីន ឌីហ្សាប៉ារ៉ូវ៉ា (Emine Dzhaparova) នឹងត្រូវធ្វើដំណើរមកដល់ប្រទេសឥណ្ឌា នៅក្នុងថ្ងៃអាទិត្យនេះ ដើម្បីបំពេញទស្សនកិច្ចសរុប៤ថ្ងៃ ហើយកំលុងពេលនោះ ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាស្ថានការណ៍នៅអ៊ុយក្រែន ហើយនិងបញ្ហាសកលនានា។

ចំណែកសារព័ត៌មានឥណ្ឌា The Hindu ដែលផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមអ្នកការទូត បានអះអាងដូច្នេះថា «អ៊ុយក្រែនបានស្នើឥណ្ឌា សុំជំនួយមនុស្សធម៌បន្ថែមទៀត រួមមានដូចជាឱសថ សម្ភារវេជ្ជសាស្រ្ត និងបរិក្ខារវិស័យថាមពល ដើម្បីយកទៅជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលរងការខូចខាតអំលុងសង្រ្គាម»។

សារព័ត៌មានដដែលបានបន្តថា លោកស្រី ឌីហ្សាប៉ារ៉ូវ៉ា ក៏នឹងអំពាវនាវផងដែរឱ្យឥណ្ឌាផ្ញើសាររឹងមាំមួយដើម្បីសន្តិភាព ទៅកាន់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលនឹងត្រូវមកបំពេញទស្សនកិច្ចនៅឥណ្ឌា ក្នុងខែកក្កដា សម្រាប់កិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហើយម្តងទៀតនៅខែកញ្ញា សម្រាប់កិច្ចប្រជុំកំពូល G20។ ដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ប្រទេសឥណ្ឌានាពេលនេះ គឺជាលើកដំបូងបំផុត ដែលធ្វើឡើងដោយមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលអ៊ុយក្រែន គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី។

គួរបញ្ជាក់ថា ឥណ្ឌាដែលឆ្នាំនេះត្រូវជាប្រធាននៃក្រុមប្រទេស G20 បានបដិសេធទម្លាក់កំហុសទៅលើរុស្ស៉ី ដែលជាសម្ព័ន្ធមិត្តយូរអង្វែង​របស់ខ្លួន សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ហើយក៏បានជំរុញឱ្យមានការស្វែងរកដំណោះស្រាយ តាមច្រកការទូតផងដែរ ប៉ុន្តែទន្ទឹមគ្នានេះ ​ទីក្រុងញូដេលីបានបង្កើនការទិញប្រេងជាខ្លាំងពីប្រទេសរុស្ស៉ី៕