(បាដាដ)៖ ប្រទេសអ៉ីរ៉ាក់ នៅថ្ងៃសៅរ៍នេះ បានអំពាវនាវដល់ប្រទេសតួកគី ឲ្យសុំអភ័យទោសចំពោះការវាយប្រហារលើអាកាសយានដ្ឋានទីក្រុងស៊ូឡាយម៉ានីយ៉ាហ៍ (Sulaymaniyah) ដែលស្ថិតនៅភាគខាងជើងនៃប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអ៉ីរ៉ាក់ បានគូសបញ្ជាក់ថា «តួកគីមិនមានហេតុផលផ្លូវច្បាប់ក្នុងការបន្តវិធីសាស្ត្រ បំភិតបំភ័យជនស៊ីវិលក្រោមលេសប្រកាន់គោលជំហរអមិត្តអរិភាពនៅលើទឹកដីអ៉ីរ៉ាក់នោះទេ ក្នុងន័យនេះ យើងអំពាវនាវឲ្យរដ្ឋាភិបាលតួកគីទទួលខុសត្រូវ និងបង្ហាញការសុំទោសជាផ្លូវការ»

លោក ឡ ហ្គាហ្វ៊ូរី (Lawk Ghafuri) ប្រធានកិច្ចការប្រព័ន្ធផ្សព្វផ្សាយការបរទេសរបស់រដ្ឋបាលតំបន់ឃឺដ (KRG) បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា មានការវាយប្រហារដោយយន្តហោះដ្រូននៅជុំវិញអាកាសយានដ្ឋានទីក្រុងស៊ូឡាយម៉ានីយ៉ាហ៍ (Sulaymaniyah) កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែមិនបានបង្កការខូចខាត ធ្វើឲ្យពន្យារពេល ឬការផ្អាកជើងហោះហើរនោះទេ។ យ៉ាងនេះក្តី មន្ត្រីក្រសួងការពារជាតិតួកគី បានប្រាប់ Reuters ឲ្យដឹងថា គ្មានប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធតួកគីណាមួយបានកើតឡើងនៅក្នុងតំបន់នោះទេ។

គួរបញ្ជាក់ថា ការអះអាងពីការវាយប្រហារនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីតួកគីបានបិទផ្លូវហោះហើរ ទាំងទៅ និងមកពីទីក្រុង Sulaymaniyah ដោយសារតែមានសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធ PKK កាន់តែខ្លាំងឡើងនៅទីនោះ៕