(គូឡាឡាំពួរ)៖ ម៉ាឡេស៊ី នៅថ្ងៃសៅរ៍នេះបាននិយាយថាខ្លួនមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំង ចំពោះការការពារសិទ្ធិអធិបតេយ្យ និងផលប្រយោជន៍របស់ខ្លួន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង បន្ទាប់ពីចិនបង្ហាញក្ដីព្រួយបារម្ភជុំវិញគម្រោងថាមពលរបស់ទីក្រុងគូឡាឡាំពួរ នៅក្នុងតំបន់ជម្លោះដែនទឹកដែលប្រទេសទាំង២ កំពុងប្រទាញប្រទង់គ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣។

ក្រសួងការបរទេសម៉ាឡេស៊ី បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម មានន័យថាម៉ាឡេស៉ីចង់ឱ្យបញ្ហាទាំងអស់ ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងត្រូវបានដោះស្រាយដោយសន្តិវិធី និងមិនបង្កឱ្យមានការខូចខាតដល់គោលជំហររបស់ម៉ាឡេស៊ីនោះទេ»។ សេចក្ដីថ្លែងការណ៍ដដែលនេះបន្ថែមថា រដ្ឋាភិបាលម៉ាឡេស៉ី មានការប្ដេជ្ញាចិត្តយ៉ាងរឹងមាំដោយឥតងាករេ ក្នុងការការពារអធិបតេយ្យ សិទ្ធិអធិបតេយ្យ និងផលប្រយោជន៍របស់ម៉ាឡេស៉ី នៅក្នុងដែនទឹករបស់ខ្លួន នៅឯសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម ពោលគឺនៅបន្ទាប់ពីបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង បាននិយាយថា ចិនមាន ការព្រួយបារម្ភចំពោះសកម្មភាពរបស់ក្រុមហ៊ុនថាមពលម៉ាឡេស៉ី Petronas នៅឯតំបន់ដែនទឹកនៃសមុទ្រចិនខាងត្បូង ជាទីដែលម៉ាឡេស៉ីបានអះអាងពីអធិបតេយ្យរបស់ខ្លួន។ លោក អាន់វ៉ា ក៏បានសង្កត់ធ្ងន់ដែរថាទីក្រុងគូឡាឡំាពួរ បើកចំហជានិច្ចចំពោះកិច្ចចរចាជាមួយចិន ដែលការលើកឡើងនេះទទួលរងការរិះគន់ពីសំណាក់គណបក្សប្រឆាំងដែលចោទលោក អាន់វ៉ា ថាកំពុងបង្កឱ្យអធិបតេយ្យម៉ាឡេស៉ី ប្រឈមនឹងហានិភ័យ៕