(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិក នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រដាប់ដោយមីស៊ីលមួយគ្រឿង ត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈភាពតានតឹងរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនកាន់តែឡើងកម្ដៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ មេបញ្ជាការអាមេរិក លោក Timothy Hawkins បានបញ្ជាក់ទៀតថា នាវាមុជទឹក USS Florida បានចូលក្នុងតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះ និងបានចាប់ផ្ដើមធ្វើដំណើរឆ្លងកាត់ព្រែកជីកស៊ុយអេ កាលពីថ្ងៃសុក្រ ទី៧ ខែមេសានេះ។ មេបញ្ជាការរូបនេះបន្ថែមថា នាវាមុជទឹក USS Florida បាននិងកំពុងធ្វើប្រតិបត្តិការក្នុងតំបន់ មជ្ឈិមបូព៌ា ដោយមានការគាំទ្រពីកងនាវាទី៥របស់សហរដ្ឋអាមេរិក ប្រចាំប្រទេសបារ៉ែន។

គួរបញ្ជាក់ថា បើតាមលោក Timothy Hawkins នាវាមុជទឹក USS Florida មានសមត្ថភាពបំពាក់មីស៊ីលគ្រូសថូម៉ាហាក (Tomahawk) ចំនួន ១៥៤គ្រាប់ ហើយត្រូវបានដាក់ពង្រាយទៅ កាន់កងនាវាទី៥ របស់អាមេរិក ដើម្បីធានាសន្តិសុខ និងស្ថិរភាពសមុទ្រក្នុងតំបន់។ ប៉ុន្តែ ការដាក់ពង្រាយនេះធ្វើឡើង ចំពេលមានការព្រួយបារម្ភពីការផ្ទុះជម្លោះជាថ្មីរវាងអ៉ីស្រាអែល និងក្រុម ហាម៉ាសប៉ាឡេស្ទីន ចំពោះមុខភាពតានតឹងនារយៈពេលប៉ុន្មានថ្ងៃមកនេះ៕