(តៃប៉ិ)៖ សមាជិកសភាតំណាងរាស្ត្រអាមេរិកជាន់ខ្ពស់ម្នាក់ នៅថ្ងៃសោរ៍នេះបានសន្យាថានឹងជួយផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ និងពន្លឿនការផ្គត់ផ្គង់អាវុធ ខណៈចិនបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣។

ការប្រកាសធ្វើសមយុទ្ធយោធារបស់ចិន កើតមានឡើងបន្ទាប់ពីទីក្រុងប៉េកាំង បានព្រមានចាត់វិធានការឆ្លើយតបទៅនឹងជំនួបរវាងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន និងប្រធានសភា តំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី ក្នុងទីក្រុងឡូស អាន់ជែលឡែស កាលពីពេលថ្មីៗនេះ។ ថ្លែងនៅឯពិធីទទួលទានអាហារថ្ងៃត្រង់ក្នុងទីក្រុងតៃប៉ិ ជាមួយលោកស្រី សៃ លោក Michael McCaul ជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «ក្នុងនាមជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃ សភាតំណាងរាស្ត្រអាមេរិក ខ្ញុំជាអ្នកចុះហត្ថលេខាលើរាល់ការលក់អាវុធឱ្យបរទេស ក្នុងនោះរួមមានទាំងអាវុធសម្រាប់តៃវ៉ាន់។ ខ្ញុំសន្យាចំពោះអ្នក (លោកស្រី សៃ) ថាយើងនឹងផ្គត់ផ្គង់ អាវុធទាំងនោះ។ យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលធ្វើទៅបាន ដើម្បីពន្លឿនការលក់ និងផ្ដល់អាវុធដែលអ្នកត្រូវការជាចាំបាច់ដើម្បីការពារខ្លួនឯង»

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះដែរ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថានាវាចម្បាំង៨គ្រឿង និងយន្ដហោះចម្បាំងចិន ៤២គ្រឿង បានបង្ហាញវត្តមាន និងធ្វើសកម្មភាពនៅជុំវិញ កោះតៃវ៉ាន់ ខណៈចិនបានប្រកាសធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានសម្ដែងការថ្កោលទោសផងដែរ ចំពោះសកម្មភាពយោធារបស់ចិន ដោយហៅថាជាសកម្មភាពគ្មានហេតុផល។ បើតាម ក្រសួង នៅក្នុងចំណោមយន្ដហោះចម្បាំងចិនទំាង៤២គ្រឿងខាងលើ ក្នុងនោះមាន ២៩គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ នៅចន្លោះពីម៉ោង ៦ និង១១ព្រឹក ថ្ងៃសៅរ៍នេះ (ម៉ោងនៅក្នុងតំបន់)៕