(អង់ការ៉ា)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បាននិយាយថារាល់កិច្ចចរចាសន្តិភាពបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដាច់ខាតត្រូវតែផ្តោតទៅលើការបង្កើតសណ្ដាប់ធ្នាប់ ពិភពលោកថ្មីមួយ និងមានបញ្ចូលផលប្រយោជន៍ និងក្ដីកង្វល់របស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣។

រុស្ស៉ី បានអះអាងជាយូរមកហើយថាខ្លួនបាន និងកំពុងដឹកនាំការតស៊ូប្រយុទ្ធប្រឆាំងនឹងអនុត្តរភាពរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ ហើយថាសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ក៏ជា ផ្នែកមួយនៃការតស៊ូនេះដែរ។ នៅក្នុងសប្ដាហ៍នេះ ទីក្រុងមូស្គូ បានបញ្ជាក់ថាខ្លួនគ្មានជម្រើសអ្វីផ្សេងទៀតនោះទេ ដោយមានតែត្រូវបន្តធ្វើសង្រ្គាម ដ្បិតមើលមិនទាន់ឃើញឡើយពី ដំណោះស្រាយតាមផ្លូវការទូត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយជំនួបជាមួយសមភាគីតួកគី ក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃសុក្រ ទី៧ ខែមេសានេះ បានកត់សម្គាល់ដូច្នេះថា «រាល់កិច្ចចរចា ទាំងឡាយ ចាំបាច់ ត្រូវតែឈរលើមូលដ្ឋានមានរួមបញ្ចូលផលប្រយោជន៍ និងក្ដីកង្វល់របស់រុស្ស៉ី...ហើយក៏គួរតែឈរលើគោលការណ៍ដែលមានសណ្ដាប់ធ្នាប់ពិភពលោកថ្មី មួយជា មូលដ្ឋានផងដែរ»

គួរបញ្ជាក់ថា បើតាមលោក សឺហ្គៃ ឡាវរ៉ូវ រុស្ស៉ីបានច្រានចោលសណ្ដាប់ធ្នាប់ពិភពលោកមានប៉ូលតែមួយ ឬត្រូវបានគ្រប់គ្រងផ្ដាច់មុខដោយសហរដ្ឋអាមេរិក៕